ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០-២១ ខែសីហានេះ ដែលមានសិស្សចំនួនជាង ១១ម៉ឺន ៧ពាន់នាក់ ដោយការ ប្រឡងនេះសរុបទាំងថ្នាក់វិទ្យាសាស្ត្រ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មានមណ្ឌលប្រឡងចំនួន ១៩៦ មណ្ឌល ដែលមាន ៤៧១៦ បន្ទប់ នៅរាជធានី-ខេត្តទាំង២៥ ។
សម្រាប់ការប្រឡង នេះ អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ខ្លួនជ្រើសរើសបានអ្នកស្ម័គ្រចិត្តជាង ៥ពាន់នាក់ ដើម្បីសង្កេតការណ៍ ដោយក្នុងពិធីជួបជុំជាមួយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនេះ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរសៀលថ្ងៃទី១៣ សីហា ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ឯកឧត្តម ឱម យិនទៀង មានប្រសាសន៍ថា ជោគជ័យនៃការប្រឡង បាក់ឌុបប៉ុន្មានឆ្នាំមកនេះ គឺជាជោគជ័យនៃការស្នេហាជាតិរបស់យុវជនយើង ដែលពួកគេ បានធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដើម្បីឲ្យការប្រឡងមួយមានតម្លាភាព និងយុត្តិធម៌ ជាការប្រឡងដោយគ្មានការលួចចម្លង និងគ្មានការសូកប៉ាន់។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ក្នុងករណីរកឃើញ ត្រូវចាត់ទុកថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន និងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ហើយថានេះជាឆ្នាំទី៥ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ក្នុងគោលបំណងធ្វើឲ្យការប្រឡងមួយមានតម្លាភាព យុត្តិធម៌ និងអាចទទួលយកបានទាំង អស់គ្នា សមដូចទិសស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡាថា អ្នកចេះ គឺជាប់ និងស្រប តាមកំណែទម្រង់ក្នុងវិស័យអប់រំ ដោយការអប់រំត្រូវតែមានគុណភាព៕