ភ្នំពេញ ៖ ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៧ នៃការរៀបចំបុណ្យសមុទ្រ ដែលខេត្តកោះកុងជាអ្នកទទួលភារៈក្នុងការរៀបចំពិធីបុណ្យនេះក្នុងជុំទី២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ពាក់ព័ន្ធទៅនឹងពិធីបុណ្យសមុទ្រនេះក្រសួងទេសចរណ៍បានណែនាំឲ្យអាជ្ញាធរខេត្តកោះកុង រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ និងរៀបចំកញ្ចប់ទស្សនកិច្ចនៅខេត្ត ដោយភ្ជាប់គោលដៅទេសចរណ៍ ជាមួយសហគមន៍អេកូទេសចរណ៍។ ពិសេសត្រូវរៀបចំឲ្យមានឆ្នេរខ្សាច់មួយ ដើម្បីជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្ត។
ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងរមណីយដ្ឋានទេសចរណ៍។ សំខាន់ត្រូវជម្រុញចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ការរៀបចំកែលំអ និងលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថានស្អាត និងការតុបតែងលំអនៅទីក្រុង និងតាមទីប្រជុំជននានា ពិសេសការបំផុសចលនាឲ្យប្រជាពលរដ្ឋចូលរួម និងរៀបចំទទួលទេសចរ។ការត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃ នៅខាងទឹកដីថៃ និងទឹកដីកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងកម្ពុជា-ថៃ។
ការត្រៀមរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានដូចជា ការសម្តែងសិល្បៈវប្បធម៌ ការហែរក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹក លើគោក លើអាកាស ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ ។ល។ព្រមទាំងរៀបចំបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីសម្របសម្រួល និងដំណើរការរៀបចំពិធីបុណ្យសមុទ្រ និងសហការជាមួយក្រុមការងារថ្នាក់ខេត្តជាដើម៕