ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បន្តចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង១ម៉ឺន៥ពាន់ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះជាលើកទី៣ នៅដើមអាណត្តិ៦ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានចុះជួបសំណេះ សំណាលជាមួយកម្មករ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ និយោជិត ដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ មកពីរោងចក្រ សហគ្រាសចំនួន១៧ មកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១។រោងចក្រ សហគ្រាសទាំង១៧នេះ វិនិយោគដោយជនជាតិចិនចំនួន១២, វិនិយោគដោយកូរ៉េចំនួន១, វិនិយោគដោយម៉ាឡេស៊ីចំនួន២ និងវិនិយោគដោយជនជាតិខ្មែរចំនួន២។ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២, ផលិតស្បែកជើងចំនួន២, តម្បាញ១, ផលិតស្រោមដៃចំនួន១ និងបោកគក់ចំនួន១។
បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤,៤៥៣ មានកម្មករ និយោជិតចំនួន ៧៧ម៉ឺន២ពាន់៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួន ៤០ម៉ឺន ៨,២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៨០លានដុល្លារក្នុងមួយឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប ដែលបានទៅ បោះឆ្នោត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ជាង៧៧ ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតជាង៨៣ភាគរយ។ សម្តេចតេជោ បាន បញ្ជាក់ថា ចំនួនអ្នកចូលរួមដ៍ច្រើននេះ គឺជាជោគជ័យដ៍ធំមួយសម្រាប់ការបោះឆ្នោត គ្រាដែលប្រជាជនកម្ពុជាមានភាពចាស់ទុំក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការបោះឆ្នោត។
បើតាមសម្តេចតេជោ នៅម៉ោង ៧ និង៣០នាទី យប់នេះការប្រកាសលទ្ធផលផ្លូវការនឹងត្រូវធ្វើឡើង ទន្ទឹងនឹងគណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈច្រើនលើសលុបនៅក្នុងរដ្ឋសភា។ សម្តេច តេជោកត់សំគាល់ឃើញថា ក្រោយការបោះឆ្នោតជាតិអាណត្តិទី៦នេះ ការ លក់ដូរ ការធ្វើអាជីវកម្ម និងជីវភាពប្រជាជនប្រចាំថ្ងៃ នៅតែបន្តដំណើរការ ទៅជាធម្មតា ដោយគ្មានការភ័យខ្លាចដូចទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣។ ជាមួយគ្នានេះប្រាក់ចំណូលដែលបានពីការប្រមូលពន្ធនៅតែបន្ត កើន ដីនៅតែបន្តឡើងថ្លៃ និងអតិផរណាមានកំរិតទាបធៀបទៅនឹងក្រោយការ បោះឆ្នោតអាណត្តិមុន។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅតែមានមហិច្ចតាចង់ឲ្យរោងចក្រនៅកម្ពុជា ក្លាយជាសហគមន៍សុខសាន្ត និងប្រកបដោយសុខុមនីយកម្ម ដោយធ្វើយ៉ាង ណាកុំមានបងតូចបងធំនៅតាមរោងចក្រ និងធ្វើយ៉ាងណាកុំឲ្យមានការប្រើ ប្រាស់សារធាតុញៀននៅក្នុងរោងចក្រ ដោយធ្វើការអប់រំគ្នាទៅវិញទៅមក៕