សម្តេច​តេ​ជោ​ប្រកាស​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​បក្សនយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​ជាប់ឆ្នោត​បន្តធ្វើ​ជានា​យក​រដ្ឋមន្ត្រី បានប្រកាស​ពី​បំណង​ក្នុង​ការបង្កើត​វេទិកា​ពិគ្រោះ​យោបល​ល់​ជាមួយ​បណ្តា​គណបក្សនយោបាយ​នានា​ដែល​បាន​ចូលរួម​ការបោះឆ្នោត នៅ​អាណត្តិ​ទី​៦​នេះ​។
​បើ​យោងតាម​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ គឺ​ការធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ប្រមូល​ធាតុ​ផ្សំ​នានា​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទាំងអស់គ្នា និង​កុំឱ្យ​គណបក្ស​របស់​សម្តេច «​ជិះសេះ​លែងដៃ​»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្ដេច​ចង់យក​អាណត្តិ​ទី​៦ នេះ ជា​អាណត្តិ​នៃ​ធនធាន​ខួរក្បាល ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បាន​លើកឡើងថា នាពេលខាងមុខ សម្ដេច​អាច​នឹង​អញ្ជើញ​ធនធានមនុស្ស​ពី​គណបក្ស​ដទៃ ដើម្បី​មក​ធ្វើជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬ​ទីប្រឹក្សា​រាជរដ្ឋាភិបាល ក្រសួង ឬ​ស្ថាប័ន​នានា​ផងដែរ​៕​