ភ្នំពេញ ៖ ជំរឿនប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិចំនួនជាង ៨លានដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលដៃគូអភិវឌ្ឍន៍ នៅមិនទាន់បញ្ជាក់ពីការជួយជាថវិកានៅឡើយនោះ លើកលែងតែអង្គការ UNFPA មួយប៉ុណ្ណោះ ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាក្នុងកម្រិតទៅតាមលទ្ធភាព។ នេះបើតាមការអះអាងបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងផែនការ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាពលរដ្ឋឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ការ ជំរឿន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដែលមានរយៈពេលជិតមួយឆ្នាំទើប រួចរាល់នៃការធ្វើជំរឿននេះ។
លោកបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុងចំនួនជាង៨លានដុល្លារសហរដ្ឋអាមេរិក ហើយ សម្រាប់ដៃគូអភិវឌ្ឍន៍ផ្សេងៗ នៅមិនទាន់បញ្ជាក់អំពីការជួយនៅឡើយ ដោយការផ្ដល់ជំនួយក្នុងការធ្វើជំរឿននេះគឺមានតែអង្គការ UNFPA មួយប៉ុណ្ណោះ ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាក្នុងកម្រិតទៅតាមលទ្ធភាព។
លោកបន្ថែមទៀតថា ការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩ វាអាចនឹងជួបបញ្ហាប៉ះពាល់បន្ដិបន្ដួច ដោយសារខ្វះថវិកា ដើម្បីប្រើធនធានមនុស្សផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងប្រើធនធានមនុស្សចំនួនជាង៤ម៉ឺននាក់ ក្នុងការធ្វើជំរឿន ទូទៅប្រជាពលរដ្ឋនៅកម្ពុជា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅកម្ពុជាមានចំនួនកើនក្នុងមួយ ឆ្នាំមានចំនួន ១,៦ភាគរយ ដោយកាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួនជាង១៣លាននាក់ និងឆ្នាំ២០១៨ មានចំនួនជាង១៦លាននាក់ ដែលតាមការប៉ាន់ស្មានប្រជាពលរដ្ឋ នឹងកើនឡើងប្រហែល១៦លាននាក់ផងដែរ៕