បាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ ២០១៨ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកឯកភ្នំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តនិងរដ្ឋបាលខេត្ត ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ១២៩គ្រួសារ មកពីឃុំចំនួន៤គឺឃុំព្រែកហ្លូងចំនួន៤៤គ្រួសាេឃុំព្រែកខ្ពបចំនួន២០គ្រួសារនិងឃុំព្រែកនរិន្ទ ចំនួន៤៥គ្រួសារស្រុកឯកភ្នំនិងឃុំព្រៃខ្ពស់ស្រុកបវេលចំនួន២០គ្រួសារក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមងួនរតនៈប្រធានកិត្តិយសសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។ បន្ថែមពីនេះ លោកប្រធាន បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋត្រូវហូបទឹកស្អាត ទឹកដាំពុះ ត្រូវប្រុងប្រយ័ត្នការពារពស់ចឹក និងជាពិសេសសូមយកចិត្តទុកដាក់ដល់កុមារតូចៗ កុំអោយទៅលេងក្បែរមាត់ទឹក ពេលមានជំនន់។
អំណោយចែកជូនរួមមានអង្ក២៥គ.ក មី១កេស,ទឹកក្រូច១កេស,ទឹកបរិសុទ្ធវីឃែរ១កេស ភួយ១,សារុង១ ក្រមា១។ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតបានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ៕ សុផល