ភ្នុំពេញ ៖ ដើម្បីទាក់ទាញអតិថិជនឡើងវិញ និងប្រកួតប្រជែងជាមួយ ផ្សារទំនើបធំៗមកពីក្រៅប្រទេសផងនោះ ផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបដំបូងគេ បានរិះរកវិធីកែលម្អជាបន្ទាន់ ដោយចំណាយទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក និងប្តូរឈ្មោះទៅជាផ្សារទំនើប Sorya Center Pointវិញ ចាប់តាំងពីចុងឆ្នាំ២០១៧។ មកដល់ពេលបច្ចុប្បន្ននេះ គេឃើញមានបណ្ដាភោជនីយដ្ឋាននិងហាងល្បីៗចាប់ផ្ដើមចូលធ្វើអាជីវកម្មវិញហើយ ខណៈភ្ញៀវក្នុងស្រុក និងអ្នកទេសចរបរទេសក៏បានចាប់អារម្មណ៍មកកាន់ផ្សារទំនើបមួយនេះឡើងវិញដែរ។
ដោយសារតែមានការហូរចូលផ្សារទំនើបធំៗពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា ធ្វើអោយផ្សារទំនើបក្នុងស្រុកមួយចំនួនត្រូវបាត់បង់អតិថិជនអស់ជាច្រើន។ ជាក់ស្ដែងដូចជាផ្សារទំនើប សុវណ្ណណា និងផ្សារទំនើបសូរិយាជាដើម ។ ក៏ប៉ុន្តែ ក្រោយទទួលបានបទពិសោធន៍បែបនេះ ម្ចាស់ផ្សារទំនើបក្នុងស្រុក ក៏បានងាកមកកែលម្អទាំងសោភណភាពនិងទីធ្លា ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន អោយងាកត្រលប់មកវិញ ។
បន្ទាប់ពីបានកែលម្អឡើងវិញហើយ គេបានសង្កេតឃើញថាបណ្ដាហាងនិងភោជនីយដ្ឋានល្បីៗក្នុងនិងក្រៅស្រុក បានងាកទៅរកផ្សារទំនើបក្នុងស្រុកវិញបណ្ដើរៗហើយ ក៏ប៉ុន្តែក៏មិនបោះបង់ចោលផ្សារទំនើបបរទេសដូចគ្នាដែរ ជាក់ស្ដែងកាលពីល្ងាចថ្ងៃ១៤ សីហា ២០១៨នេះ ភោជនីយដ្ឋាន បាប៊ីឃ្យូផ្លាហ្សា ដែលជាភោជនីយដ្ឋាននាំសិទ្ធិពីប្រទេសថៃ បានបើកដំណើរការជាផ្លូវការ នៅផ្សារទំនើប Sorya Center Point ដែលទើបតែកែលម្អរួច ។
នៅក្នុងពិធីប្រកាសដំណើរការជាផ្លូវការនោះ លោក អ៊ិម បណ្ឌិត អ្នកគ្រប់គ្រងប្រតិបត្តិ របស់ហាងបាប៊ីឃ្យូផ្លាហ្សា បានអោយដឹងថា ការបើកដំណើរការភោជនីយដ្ឋាន បាប៊ីឃ្យូផ្លាហ្សា នៅផ្សារទំនើបសូរិយានេះ គឺខាងក្រុមការងារបានមើលឃើញនូវ សុទិដ្ឋនិយម មួយចំនួន ជាក់ស្ដែង ផ្សារទំនើបសូរិយា បានកែលម្អថ្មី ដែលធ្វើអោយ មានភាពទាក់ទាញ ពីសំនាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្នុងនិងក្រៅស្រុក ។
លោកបន្តថា ប្រជាពលរដ្ឋដែលចូលក្នុងផ្សារទំនើប ដើម្បីទទួលទានអាហារ ជួបជុំគ្រួសារ គឺផ្ដោតទៅលើកន្លែងទូលាយ និងមានកន្លែងសម្រាប់ក្មេងៗលេង ទើបពួកគេកាន់តែមានភាពសប្បាយរីករាយ ដោយឡែក ហាងបាប៊ីឃ្យូផ្លាហ្សានៅផ្សារទំនើប Sorya Center Point នេះ ក៏បានរចនាឡើងស្របទៅតាមនឹងការចងបានរបស់អតិថិជន ផងដែរ ។
សូមរំលឹកផងដែរថា ផ្សារទំនើបសូរិយា គឺជាផ្សារទំនើបដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក៏ប៉ុន្តែ សកម្មភាពផ្សារទំនើបដំបូងគេនេះបានបាត់បង់ប្រជាប្រិយភាពបន្តិចម្ដងៗ ក្រោយពីផ្សារទំនើបធំៗក្រៅប្រទេសចូលមក មានដូចជា ផ្សារទំនើប អ៊ីអនម៉ល ជាដើម។
ក្រោយមក ទើប អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់ផ្សារទំនើបមួយនេះ បានប្តូរយុទ្ធសាស្ត្រ ដោយបានកែលម្អទាំងទីតាំងតូប និងសោភ័ណ្ឌភាពក្នុងផ្សារ ដើម្បីធ្វើអោយមានភាពទាក់ទាញ ភ្ញៀវទេសចរឡើងវិញ ព្រោះទីតាំងផ្សារទំនើបមួយនេះ គឺនៅចំនុចកណ្ដាលនៃរាជធានីភ្នំពេញ គឺមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក្នុងការស្វែងរក ។ ជាការកត់សំគាល់ដែរ ពេលបច្ចុប្បន្ន ទិដ្ឋិភាពក្នុងផ្សារទំនើបសូរិយា ហាក់មានសកម្មភាពអ៊ូអរឡើងវិញបន្តិច បើធៀបនឹងរយៈពេលពីរបីឆ្នាំមុន ៕