បុរស​ជាងផ្សារដែក​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ខណៈដែល​ជាងផ្សារដែក​ម្នាក់ បាន​ឡើង​ផ្សារ​ដំបូល​នៅ​ចំណុច​សំណង់ផ្ទះ​មួយកន្លែង បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ពី​ត្រង់​ស្វូ​រ​អគ្គិសនី ជាមួយនិង​ដែក ឆក់​ធ្លាក់​ពីលើ​ដំបូល​ដាំ​ក្បាល​ចុះមក​ក្រោម របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ ក្រោយមក​ទើប​ដឹងថា សំណង់​កើតហេតុ​នេះ មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​នោះទេ មិនតែប៉ុណ្ណោះ​គឺ​បាន​សាងសង់​រំលោភ​ចូល​ចំណីផ្លូវ​សាធារណៈ​ចំនួន​៥០​ភាគរយ​នៃ​សំណង់ ដែល​ត្រូវតម្រូវ​ឲ្យ​រុះរើ​ជាបន្ទាន់​ផងដែរ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​សំណង់ផ្ទះ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ច​ន ឡេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ផ្សារ​បាក់​ដឹង ឃុំ​មានជ័យ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ដែល​ទើប​មក​ធ្វើការ​នៅ​កន្លែងកើតហេតុ​ខាងលើ បាន​រយៈពេល​២​ថ្ងៃ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​និង​ជាងផ្សារដែក សរុប​ចំនួន​៤​នាក់​រួម​និង​ជនរងគ្រោះ បាននាំគ្នា​ឡើងមក​លើដំបូល​សំណង់​ខាងលើ ដើម្បី​ផ្សារ​ដែក​ដំបូល ខណៈនោះ​ជនរងគ្រោះ​ក៏បាន​លើកដែក​ក្នុង​បំណង​ផ្សារ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ធ្លាក់​ពីលើ​ដំបូល ដាំ​ក្បាល​ចុះមក​ខាងក្រោម​បោក​នឹង​ថ្ម បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ភ្លាមៗ​ត្រូវបាន​កម្មករ​ដូចគ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម និង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​កម្មករ​ផ្សារ​ដែក ឆក់​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​របួសធ្ងន់​រួចមក សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះមក​ធ្វើការ​ពិនិត្យ​ដល់​កន្លែងកើតហេតុ បាន​ឃើញថា ទីតាំង​សំណង់​នេះ​មិនមាន​ការអនុញ្ញាត​ឲ្យ​សាងសង់​ពី​សំណាក់​អាជ្ញាធរ​នោះទេ មិនតែប៉ុណ្ណោះ​គឺ​បាន​សាងសង់​រំលោភ​ចូល​ចំណីផ្លូវ​សាធារណៈ​ចំនួន​៥០​ភាគរយ​នៃ​ស្ថានភាព​សំណង់ ដូច្នេះ​ត្រូវតម្រូវ​ឲ្យ​រុះ​រើចេញ​ជាបន្ទាន់​។ ដោយឡែក​ម្ចាស់​ទីតាំង ភ្លាមៗ​បានគេច​ចេញ​បាត់​ពី​កន្លែងកើតហេតុ​តែម្តង​៕