ភ្នំពេញ ៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ ខែសីហា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់កម្លាំងសមត្ថកិច្ចនៅគ្រប់មណ្ឌលប្រឡងទាំង២៥ និង មណ្ឌលកំណែទាំង១០ នៅភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អដល់ បេក្ខជន ប្រឡងជាង ២ម៉ឺននាក់។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃប្រឡងបាក់ឌុប នាថ្ងៃទី១៧ ខែ សីហា នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អះអាងថា “អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ដល់ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ”។
លោក នួន ផារ័ត្ន បានលើកឡើងថា នៅថ្ងៃនោះ សាលារាជធានីភ្នំពេញ នឹងដាក់ កម្លាំង នគរបាលចរាចរណ៍ គ្រប់ដងផ្លូវសំខាន់ៗទាំងអស់ ជាពិសេសផ្លូវចេញចូលទៅមណ្ឌលប្រឡង ចាប់ ពីម៉ោង៥ព្រឹកតទៅ ដោយសារបេក្ខជនប្រឡងនៅ រាជធានីភ្នំពេញទាំងអស់ មានចំនួនជាង២ម៉ឺន នាក់។
លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ថ្លែងថា “នេះជាលើកទី ៥ ហើយ ដែលក្រសួងអប់រំធ្វើកំណែទម្រង់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានអ្នក សង្កេត ការណ៍ ចូលរួមតាមគ្រប់សកម្មភាព របស់បេក្ខជនប្រឡង។ ចំពោះកំណែទម្រង់នៃការ ប្រឡង ទាំង៤ លើកកន្លងទៅគឺទទួលបានជោគជ័យដ៏ធំធេងផងដែរ។
លោក អនុរដ្ឋលេខាធិការ អោយដឹងថា មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ មានចំនួន ២៥ មណ្ឌល គិតជាបន្ទប់ប្រឡងមានចំនួន៩១៣បន្ទប់ ដែលមានបេក្ខជនប្រឡងចំនួន ២២.៧៧៨ នាក់។ ជាមួយគ្នា លោក បានស្នើអោយគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំ នេះ ប្រព្រឹត្តទៅទទួលបានភាពល្អប្រសើរ។
លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើអោយអាជ្ញាធរ រាជ ធានីភ្នំពេញ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោង នៅតាមមណ្ឌលប្រឡង ទាំងអស់ និងការពារសុវត្ថិភាពនៅមណ្ឌលប្រឡងក្នងរាជធានីភ្នំពេញរហូត ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ ចំពោះអ្នកសង្កេតការណ៍សំរាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ គឺអង្គភាពក រលួយ ដាក់អ្នកសង្កេតការណ៍ស្មគ្រចិត្តចំនួន១.១១៤នាក់ ទូទាំង២៥មណ្ឌលប្រឡង។
ឯកឧត្តមលើកឡើងថា គ្រប់បេក្ខជនប្រលង និងអ្នកពាក់ព័ន្ធនានា បើធ្វើអោយបែកធ្លាយ វិញ្ញាសារជាសាធារណៈ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសអោយខាងតែ បាន។
ភាពសំងាត់ នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿន អោយ បេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ គ្រូអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការ ថត វិញ្ញាសារ និងការរក្សាភាពសំងាត់នៃវិញ្ញាសារដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាត អោយថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នាដែរ៕