ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឪ្យ លោកជំទាវ Tina Susan Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសថ្មី ប្រចាំកម្ពុជា ចូលជួប សំដែងគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៨។ ក្នុង ជំនួបនោះ លោកជំទាវអគ្គរាជទូត ថ្មី អង់គ្លេស បានអះអាងថា ចក្រភពអង់គ្លេសនឹងនៅតែបន្តជួយ កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងវិស័យដោះមីនបន្តទៀត។
លោកជំទាវ Tina Susan Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រីថា លោកជំទាវនឹងបន្តផ្ដោតការយកចិត្តទុកដាក់ និងជួយ កម្ពុជាទៅលើបញ្ហាបច្ចេកវិទ្យាយកចិត្តទុកដាក់ទៅលើបញ្ហាដោះមីន និងបញ្ហាលើកកម្ពស់ ស្ត្រីនឹង បញ្ហាអប់រំផងដែរ។ លោកជំទាវបានប្តេជ្ញាថា ក្នុងបេសកម្មកាទូតនៅកម្ពុជា លោកជំទាវនឹង ធ្វើអ្វី គ្រប់ បែបយ៉ាងទាំងអស់ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេស។ នេះបើ តាម ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់អ្នកកាសែត នៅ ក្រោយជំនួប។
ជាការឆ្លើយតបសម្ដេចតេជោ បានអរគុណដល់ចក្រភពអង់គ្លេសក៏និង ប្រជាជនអង់គ្លេស ដែលបានជួយដល់កម្ពុជា ជាពិសេសលើវិស័យអប់រំជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជា កត្តាសំខាន់របស់កម្ពុជា ពិសេសការជួយកម្ពុជាលើវិស័យដោះមីន។ សម្ដេចបានមានប្រសាសន៍ថា នៅកម្ពុជាមានមជ្ឈមណ្ឌលដោះមីនអាស៊ាន ហើយវាមានវិសាលភាពធំក្នុងការជួយ ដល់បណ្ដា ប្រទេសក្នុងតំបន់ផង និងចូលរួមចំណែកក្នុងការងារអង្គការសហប្រជាជាតិក្នុងការងារដោះមីនផង ដូច្នេះគប្បីពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
ពាក់ព័ន្ធនិងការលើកកម្ពស់ស្ត្រី សម្តចតេជោ បានជម្រាបជូនថាកម្ពុជា មានកូតាសម្រាប់ស្ត្រី ចាប់តាំងពីថ្នាក់ស្រុក ខេត្ត រហូតដល់ជួរកងទ័ព នគរបាល និងជាស្ថាប័នផ្សេងៗដែរ។ រាជរដ្ឋា ភិបាល ក៏បានយកចិត្តដាក់កសាងសាលារៀននៅគ្រប់ទីកន្លែង ដែលស្ត្រីអាចចូលរៀនបាន ព្រមជា មួយការសាងសង់អន្តេវាសិកដ្ឋានសម្រាប់ស្ត្រីផង។
ទន្ទឹងនឹងនោះ រាជរដ្ឋាភិបាលក៍អនុវត្តគោលនយោបាយគាំពារសង្គមដែលជួយទៅដល់ស្ត្រី ជាពិសេសកម្មការីនីកម្ពុជាពេលមានផ្ទៃពោះ ដោយអនុញ្ញាតឲ្យឈប់សម្រាក បាន៣ខែក្នុងពេល ឆ្លងទន្លេ និងទទួលបានប្រាក់បៀវត្សរ៍ ១២០ភាគរយនៅពេលដែលឆ្លងទន្លេ៕