ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតអញ្ជើញទៅគណបក្សទាំង១៩ ដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភា ឱ្យចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលហើយកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ ដែល វេទិកានេះ នឹងប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។
តាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយ ឯ.ឧ. ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែសីហា បានឱ្យដឹងថា វេទិកា នេះ នឹងពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា ៖
១. សុន្ទរកថាបើកវេទិកាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
២. ការចូលរួមយោបល់ពីគណបក្សនយោបាយនានា
៣. បញ្ហាផ្សេងៗ
៤. ពិសាបាយសាមគ្គី។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ សម្តេច ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើតវេទិកាពិគ្រោះយោបល់ជាមួយបណ្តាគណបក្សដែលចូលរួមបោះឆ្នោតដែលមិនទទួលបានអាសនៈ នៅមុនការបង្កើតរាជរដ្ឋាភិបាលថ្មីនាពេលខាងមុខនេះ។ សម្តេចបានមានប្រសាសន៍ថា ការបង្កើតឡើងនូវវេទិកាពិគ្រោះយោបល់នេះ គឺនឹងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់កិច្ចការប្រទេស ជាតិ ក្នុងនោះគឺរួមទាំងសេចក្តីព្រាងច្បាប់សម្រាប់ប្រើប្រាស់ផងដែរ៕