ព្រៃវែង ៖ បើតាមលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែងបានប្រាប់តាមទូរស័ព្ទឲ្យដឹងការពីរសៀលថ្ងៃទី18 ខែសីហា ឆ្នាំ2018 ថាស្ថានភាពទឹកព្រែកតាតាំមុខសាលាខេត្តថ្ងៃនេះធ្លាក់ចុះនៅត្រឹម6ម៉ែត្រចំណុច 63 សង់ទីម៉ែត្រ ខណៈដែលកម្ពស់ទឹកកាលពីថ្ងៃទី17 ខែសីហា ម្សិលមិញ បានហក់ឡើងរហូតដល់ទៅ6ម៉ែត្រចុច68សង់ទីម៉ែត្រក្រោមកម្រិតទឹកដែលត្រូវប្រកាសអាសន្ន7ម៉ែត្រចុច50សង់ទីម៉ែត្រ។
បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបង្ហាញថា គិតមកដល់ថ្ងៃទី18សីហានេះមានពលរដ្ឋចំនួន៣.៣៨៦គ្រួសារកំពុងខ្វះខាតស្បៀងអាហារដោយសារស្រូវលិចក្នុងទឹកចំនួន២២២៣៥ហិកតានិងស្រូវរលួយខូចខាតចំនួន៣.២២៨ហិកតា។
របាយការណ៍បានបញ្ជាក់បន្ថែមថា ស្ថានភាពទឹកជំនន់បានបង្កឲ្យប៉ះពាល់ជន់លិចអស់ចំនួន១១ក្រុង-ស្រុក (ស្មើនឹង៦៤ឃុំ.សង្កាត់មានចំនួន៣០៥ភូមិ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ទូទាំងខេត្តព្រៃវែង ហើយក្រុង-ស្រុកដែលលិចទឹករួមមាន ៖ ស្រុកពាមរក៍,ស្រុកព្រះស្តេច,ស្រុកស៊ីធរកណ្តាល,ស្រុកកំចាយមារ,ស្រុកពារាំង,ស្រុកពោធិ៍រៀង,ស្រុកកំពង់ត្របែក,ក្រុងព្រៃវែង,ស្រុកបាភ្នំ,ស្រុកស្វាយអន្ទរ និងស្រុកពាមជរ មានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន២៧.៦៦៩គ្រួសារ ក្នុងនោះ បងប្អូនឥស្លាម៣៦គ្រួសារ,បង្កឲ្យលិចស្រូវសរុប ២២២៣៥ហិកតា,ខូចខាតស្រូវទាំងស្រុងអស់ចំនួន៣.២២៨ហិកតានិងដំណាំផ្សេងៗចំនួន១៧ហិកតារួមជាមួយកូនឈើរាប់ម៉ឺនដើមទៀតផងដែរ។
ក្នុងនោះទឹកលិចចូលដល់ក្រោមផ្ទះសរុបចំនួន១០.៧៥៥គ្រួសារ,លិចបរិវេណសាលារៀន៤៩សាលា,លិចបរិវេណមណ្ឌលសុខភាព៣កន្លែង,លិចអណ្តូងទឹក៧៧១អណ្តូង,លិចបង្គន់៨៧៩បង្គន់,លិចវត្តអារាម២វត្ត,លិចផ្លូវប្រវែង២២៥.៦៩៨ម៉ែត្រ,ខូចខាតអស់ប្រវែង៣៤.៩៤៨ម៉ែត្រ,ប៉ះពាល់ទំនប់ប្រឡាយប្រវែង១៧៧.៧០៤ម៉ែត្រ,ខូចខាតអស់ប្រវែង១.៦០៣ម៉ែត្រ,ជម្លៀសពលរដ្ធទៅទីទួលសុវត្ថភាពបានចំនួន៣.០៧៩គ្រួសារ,ជម្លៀសសត្វពាហនៈបានចំនួន១.៧០៤ក្បាលនិងមានមនុស្សស្លាប់ចំនួន4នាក់។
ប៉ុន្តែមានការយកចិត្តទុកដាក់ពីក្រុមការងារគណៈកម្មការក៍ដូចជាអាជ្ញាធរខេត្តព្រៃវែង ដែលដឹកនាំដោយ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តនិងក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបានពាំនាំយកអំណោយទៅជួយរំលែកទុក្ខដល់ផ្ទះរបស់ជនរងគ្រោះទាំង៤គ្រួសារភ្លាមៗផងដែរ។
លោកនិងក្រុមការងារក៍បានបន្តជិះទូកពិនិត្យមើលតាមតំបន់ទឹកលិចនិងបានពាំនាំយកអំណោយសង្គ្រោះបន្ទាន់បើគិតមកដល់ពេលនេះបូករួមជាមួយទាំងអំណោយព្រះមហាក្សត្រមានអង្ក,ថវិកា,តង់កៅស៊ូ កន្ទេល,មុង,ភួយ,ចានឆ្នាំង.ស្លាបព្រា និងគ្រឿងឧបភោគបរិគោគ ចែកជូនជួយរំលែកទុក្ខរបស់ពលរដ្ធបានចំនួន៧៧៥គ្រួសារ៕