FBIនិងអ​.​ប​.​ព រួមគ្នាប្រយុទ្ធប្រឆាំង ​អំពើពុករលួយ និង​លុយកខ្វក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2015 ក+ ក-

​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​(​អ​.​ប​.​ព​) កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ ​បាន​ជួបពិភាក្សា​ជាមួយ អនុព័ន្ធ​ច្បាប់​នៃ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ជាពិសេស​លើ​ការងារ​ស៊ើបអង្កេត​ការលាង​សម្អាត​ប្រាក់ ក្នុង​កម្រិត​មូលដ្ឋាន​និង​កម្រិត​មធ្យម​នៅ​ប្រទេស​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ បានធ្វើ​ឡើង​នៅ​អង្គភាព​អ​.​ប​.​ព រវាង​លោក​ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាមួយនឹង​លោក John Sapiniso ជា​អនុព័ន្ធ​ច្បាប់​នៃ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) របស់​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា​។​

ប្រធាន អ​.​ប​.​ព លោក ឱម យ៉ិនទៀង បាន​មានប្រសាសន៍ថា ជំនួប​នេះ ធ្វើឡើង​ក្នុង​គោលបំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន FBI ជាមួយ​អ​.​ប​.​ព ដោយ​ផ្តោតលើ​ចំណុច​សំខាន់​ជា​អាទិភាព​ការប្រឆាំង​នូវ​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការសម្អាត​ប្រាក់​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ មានមុខ​ងារ​ទី​១ គឺ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ទី​២ នឹងមាន​ការសហការ​កិច្ចប្រតិបត្តិការ​យ៉ាង​ស៊ីជម្រៅ​ថែមទៀត រវាង FBI និង​អ​.​ប​.​ព ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ នៅ​សហរដ្ឋអាមេរិក ស្ថាប័ន​ដែល​ធ្វើ​ផ្តាច់មុខ​លើ​អំពើពុករលួយ​គឺ FBI ប៉ុន្តែ​នៅ​កម្ពុជា គឺមាន​អ​.​ប​.​ព ហើយ​កន្លងមក​អ​.​ប​.​ព ក៏​ធ្លាប់​ទទួលបាន​ជំនួយ​ពី FBI ក្នុង​ការបើក​វគ្គប​ណ្តុះ​បណ្តាល​ជាច្រើនលើក ក្នុងប្រទេស​លើ​ការងារ​ស៊ើបអង្កេត ការលាង​សម្អាត​ប្រាក់​។​

​លោក​ឱម យ៉ិនទៀង បាន​មានប្រសាសន៍​ទៀតថា ដោយ​ថ្មីៗ​នេះ​អ​.​ប​.​ព​ទើបតែ​មានការ​និយាយ​គ្នា​ច្បាស់​នៅ​កម្រិត​ថ្នាក់លើ ប្រគល់​ឲ្យ​បានច្បាស់លាស់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​សម្អាត​ប្រាក់ ទើបតែ​២-៣​ខែ​នេះ ហើយក៏​ត្រូវមាន​ការសហកា​រ​ល្អ ពីព្រោះ​ការប្រឆាំង​ការសម្អាត​ប្រាក់ ឬ​ការប្រឆាំង​ហិរញ្ញប្បទាន​លុយកាក់​របស់​ពួក​ភេរវកម្ម​នេះ ដាច់ខាត​មិនអាច​អង្គភាព​មួយ​ធ្វើបាន មិនអាច​ប្រទេសមួយ​ធ្វើបាន​នោះទេ គឺ​ត្រូវ​ទាមទារ​ការសហការ​ជាច្រើន​ប្រទេស តាមរយៈ​បទពិសោធន៍​នាពេល​កន្លងមក ហើយ​ក៏បាន​ត្រៀម​ករណី​លម្អិត​នីមួយៗ​ជាក់ស្តែង​ពី​ខាង FBI ផងដែរ​។ ​

លោក​បន្តថា យើង​នឹងសិក្សា​ថា​មើល​អំពី​ការពិភាក្សា​មុខសញ្ញា​ជនសង្ស័យ​អ្វីខ្លះ ដែល​យើង​ឃើញថា វា​ត្រូវការ​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ ជួយ​យើង​ក្នុងការ​ស៊ើបអង្កេត ព្រោះថា យើង​ក៏​មិនអាច​ទៅតាម​ដាន​នៅ​ខាងក្រៅ​បានដែរ ប៉ុន្តែ​នៅ​ខាងក្រៅ​ក៏​មិន​អាចមក​តាមដាន​នៅ​កម្ពុជា​បានដែរ ប៉ុន្តែ​បើ​មុខសញ្ញា​នៅ​កម្ពុជា​ក៏ត្រូវ​មក​ពឹងពាក់​យើង បើ​មុខសញ្ញា​នៅ​ខាងក្រៅ​យើង​ក៏ត្រូវ​ពឹងពាក់​គេ​ដែរ​។​

លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុងជំនួប​នេះ យើង​បាន​និយាយ​ចូល​យ៉ាងជ្រៅ ពាក់ព័ន្ធ​កិច្ច​សហ ប្រតិបត្តិការ ការស៊ើបអង្កេត​បទ​ក្លែងបន្លំ និង​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ ការសម្អាត​ប្រាក់ សុច្ចរិត​ភាព​សាធារណ​…៕

2dsaza