ព្រៃវែង ៖ ផ្លូវបំបែកចេញពីផ្លូវជាតិលេខ11 កាត់ទៅផ្សារកំពង់សឹង និងផ្សារកអណ្តើក ផ្លូវជាតិលេខ1 ត្រូវបានទឹកជំនន់លិចហូរកាត់មួយកន្លែងត្រង់ចំណុចក្បែរគល់ស្ពានបឹងស្នេហ៍ ស្ថិតក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយឥឡូវនេះ ត្រូវបានអាជ្ញាធរខេត្ត ដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកពាមរក៍ និងស្រុកបាភ្នំដាក់បារ៉ាស់បិទទាំងសងខាង ហាមមិនឲ្យរថយន្តធន់ធំបើកបរធ្វើដំណើរឆ្លងកាត់ព្រោះខ្លាចមានគ្រោះថ្នាក់។ រីឯរថយន្តធន់តូចនិងម៉ូតូធ្វើដំណើរឆ្លងកាត់បានជាធម្មតា។
បើតាមលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ និងលោ ពេទ ភិរុណ អភិបាលស្រុកបាភ្នំបានប្រាប់ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី18ខែសីហាឆ្នាំ2018ម្សិលមិញថាជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គបានហក់ឡើងលឿនបង្កឲ្យទឹកហូរកាត់តិចៗពីលើផ្លូវត្រង់ចំណុចបឹងស្នេហ៍នេះចម្ងាយប្រវែងប្រហែលជាង100ម៉ែត្រចាប់តាំងពីថ្ងៃទី14ខែសីហាឆ្នាំ2018។មកដល់ល្ងាចថ្ងៃទី18 ខែសីហា នេះ ទឹកបានលិចផ្លូវមានជម្រៅប្រហែលជាង1តឹក។
លោកអភិបាលស្រុកទាំង2បានបន្តទៀតថាដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកដឹកនាំកម្លាំងចម្រុះមកប្រចាំការដាក់បារ៉ាស់បិទ ដោយអាជ្ញាធរស្រុកពាមរក៍ ដាក់បិទនៅត្រង់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ11 ទល់មុខសាលាឃុំព្រៃកណ្តៀង ដើម្បីហាមមិនឲ្យរថយន្តធន់ធំបើកឆ្លងកាត់ដោយណែនាំឲ្យពួកគាត់បើកមកពីទីរួមខេត្តព្រៃវែងឲ្យទៅត្រង់តាមផ្លូវជាតិលេខ11ដែលកំពុងជួលជុលចេញទៅចំណុចរង្វល់មូលអតីតកំពង់ចម្លងអ្នកលឿងផ្លូវជាតិលេខ1វិញ។
រីឯអាជ្ញាធរកម្លាំងចម្រុះខាងស្រុកបាភ្នំ បានដាក់ប៉ារ៉ាស់បិតត្រង់ចំណុចឃុំធាយដើម្បីឲ្យរថយន្តធន់ធំវាងចេញទៅតាមផ្លូវបាភ្នំផ្សារកំពង់សឹងឫវាងតាមផ្សារកអណ្តើកទៅផ្លូវជាតិលេខ1ដូចគ្នា។
លោកអភិបាលស្រុកទាំងបានបញ្ជាក់បន្ថែមថា ការដែលហាមមិនឲ្យរថយន្តធន់ធំបើកបរឆ្លងកាត់ផ្លូវលិចទឹកបឹងស្នេហ៍នេះ គឺដើម្បីបញ្ជៀសខ្លាចមានគ្រោះថ្នាក់កើតឡើង!ព្រោះកន្លងទៅប៉ុន្មានឆ្នាំមុនធ្លាប់មានគ្រោះថ្នាក់ទឹកហូរគួចធ្លាក់រថយន្តទេសចរណ៍1គ្រឿងចូលទៅក្នុងបឹងមានជនជាតិបរទេសស្លាប់ជាច្រើននាក់រួចមកហើយ។ប៉ុន្តែទឹកលិចឆ្នាំនេះមិនធ្ងន់ធ្ងរទេគឺរថយន្តធន់តូចនិងម៉ូតូគឺខាងអាជ្ញាធរបានធ្វើការណែនាំពួកគាត់ឲ្យធ្វើការឆ្លងកាត់បានជាធម្មតាដោយការប្រុងប្រយត្ន័ផងដែរ។
ទន្ទឹមនោះ អាជ្ញាធរស្រុកទាំង 2 ក៍បានដាក់កម្លាំងឃ្លាំមើលជាប្រចាំព្រោះតំបន់បឹងស្នេហ៍នេះ ក្រៅពីអ្នកធ្វើដំណើរឆ្លងកាត់ក៍នៅមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់ទៅទស្សនាលេង លំហែកម្សាន្តកាយជារៀងរាល់សប្តាហ៍ទៀតផង។ តែទោះជាយ៉ាងណាលោក ជុំ សុភីប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែងក៍បានបញ្ជាក់ប្រាប់ភ្នាក់ងារតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី18 ខែសីហា ម្សិលមិញ នេះថា ស្ថានភាពទឹកគឺបានធ្លាក់ចុះនៅត្រឹម 6,63ម៉ែត្រ ប៉ុណ្ណោះ ខណៈកម្ពស់ទឹកកាលពីថ្ងៃទី17 ខែសីហា ឡើងរហូតដល់ទៅ6ម.68សង់ទីម៉ែត្រក្រោមកម្រិតទឹកដែលត្រូវប្រកាសអាសន្ន7ម.50សង់ទីម៉ែត្រ៕