ភ្នំពេញ ៖ ប្រធានបក្សខ្មែរក្រោក កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសថា «យុទ្ធនាការស្នាមមេដៃមួយដើម្បីកោះត្រល់» មិនអាចដំណើរការបានទេ ដោយសាររដ្ឋបាលរាជ ធានីភ្នំពេញ បានចេញលិខិតមួយច្បាប់ មិនអនុញ្ញាតឲ្យគណបក្សខ្មែរក្រោក ធ្វើសកម្មភាពប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ នៅតាមទីសាធារណៈនោះឡើយ ដែលអាជ្ញាធរអះអាងថា នាំឲ្យប៉ះ ពាល់ដល់សន្តិសុខជាតិ។
លិខិតមួយច្បាប់ដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទៅលោក សុខសុវណ្ណ វឌ្ឍនាប៊ុង ប្រធានគណបក្សខ្មែរក្រោក ពីសំណើសុំគោលការណ៍ ប្រមូលស្នាមមេដៃប្រជា ពលរដ្ឋ ក្នុងការដាក់ញត្តិប្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសើរើដែនអធិបតេយ្យរបស់ជាតិ លើការទាមទារកោះត្រល់។
លិខិតដដែល បានបញ្ជាក់ថា យោងតាមកំណត់ហេតុប្រជុំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាប លោកប្រធានគណបក្សខ្មែរក្រោកថា ចំពោះសំណើសុំគោលការណ៍ ប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ក្នុងការដាក់ញត្តិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសើរើដែនអធិបតេយ្យរបស់ជាតិ លើការទាមទារកោះត្រល់ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅផ្ទះលេខ១១ ផ្លូវលេខ៣៥៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអនុវត្ត ដូចជា មិនអនុញ្ញាតឲ្យធ្វើសកម្ម ភាពប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ មិនអនុញ្ញាតឲ្យប្រើប្រាស់ឧបករណីបំពងសំឡេង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមទីសាធារណៈ ក្នុងករណីមានការបង្កចលាចល ដែលនាំឲ្យប៉ះពាល់ដល់អសន្តិសុខជាតិបាត់បង់សន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារ ណៈ អាជ្ញាធរមានសិទ្ធិបញ្ឈប់រាល់សកម្មភាពទាំងនេះភ្លាម។
ក្នុងលិខិតដដែលនេះ ក៏បានសង្កត់ធ្ងន់ថា ដើម្បីចៀសវាងប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ ធ្នាប់ និងរៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានី ស្នើលោកប្រធានសហការឲ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់សាលារាជធានីភ្នំពេញ៕