ភ្នំពេញ ៖ ដោយមើលឃើញថា បច្ចុប្បន្ននេះ មានក្រុមអ្នកសិល្បៈមួយចំនួន បានប្រើប្រាស់លទ្ធភាព និងធនធានរបស់ខ្លួន ដើម្បីបង្កើតមុខរបរផ្សេងៗបន្ថែមពីលើមុខរបរជាអ្នកសិល្បៈ ហើយពួកគេក៏មានតួនាទីសំខាន់ផងដែរ ក្នុងការផ្សព្វផ្សាយនូវផលិតផល ឬ មុខជំនួញនានា ទើបក្រុមហ៊ុនអចលនទ្រព្យមួយ បានងាកទៅចាប់ដៃគូរជាមួយសិល្បៈដើម្បីបង្កើនមុខរបររបស់ខ្លួន។
តួយ៉ាង នៅល្ងាចថ្ងៃទី១៧ ខែសីហា នេះ មានក្រុមហ៊ុនអចលនៈទ្រព្យ ECC ដែលបានសហការ ជាមួយដៃគូរមកពីប្រទេសចិន វិនិយោគលើវិស័យអចលនទ្រព្យទទួលបានជោគជ័យជាច្រើន នាពេលកន្លងមកនោះ បានបន្ថែមដៃគូររបស់ខ្លួនមួយទៀត គឺក្រុមអ្នកសិល្បៈនៅក្នុងប្រទេស ដើម្បីពង្រីកវិសាលភាពលើមុខជំនួញឱ្យកាន់តែទូលំទូលាយ និងមានជំនឿចិត្តពីអតិថិជនបន្ថែមទៀត។
លោក ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនៈទ្រព្យ ECC បានប្រាប់ឱ្យដឹងនៅក្នុងពិធីចុះហត្ថលេខា ដៃគូអចលនទ្រព្យរបស់ខ្លួន នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថា ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជា មានស្ថានភាពនឹងហ្ន ដែលធ្វើឱ្យអ្នកវិនិយោគមានឱកាស ក្នុងការពង្រីកទីផ្សារ ឬសក្តានុពលផ្នែកអចលនទ្រព្យឱ្យកាន់តែធំធាត់ឆាប់រហ័ស និងល្អប្រសើរបន្ថែមទៀត។លោកបន្តថា ការចាប់ដៃគួជាមួយសិល្បៈ គឺផ្នែកមួយសម្រាប់បង្កើនក្រុម ដែលនាំក្រុមហ៊ុនមានគ្នាកាន់តែច្រើន ងាយនិងពង្រីកសក្កដានុពលដែលមានទំនុកចិត្តពីស្រទាប់អតិថិជន ទាំងក្នុងនិងក្រៅប្រទេស។
លោកអះអាងថា កន្លងមកក្រុមហ៊ុនបានចាប់ដៃគូជាក្រុមហ៊ុនចិន ហើយបានបោះទុកវិនិយោគលើគម្រោងធំៗចំនួន៣ ដោយទទួលបានជោគជ័យ ដែលក្នុងនោះ បានអភិវឌ្ឍន៍ រោងចក្រ លំនៅដ្ឋាន និងធ្វើដីឡូតិ៍លក់ នៅជិតតំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រៃទទឹង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមកដល់ពេលនេះកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ សម្រាប់គម្រោងទី២ គឺអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនៅក្នុងខេត្តកំពត ហើយគម្រោងទី៣ និងទី៤នេះ នៅក្នុងខេត្តសៀមរាប។
លោកបញ្ជាក់ថា សម្រាប់គម្រោងទី៤ គឺបង្កើតរមនីយដ្ឋានឆ្នេរដូងទេត្រាវកុដ្ឋ ដែលបាននិងកំពុងដំណើរ តាំងពីដើមខែសីហាមកម្ល៉េះ នៅក្នុងទឹកដីខេត្តសៀមរាប ក្រុមហ៊ុនបានបោះទុនបន្ថែមប្រមាណជាង២លានដុល្លារ ដើម្បីបង្កើតលំនៅដ្ឋាន និងតំបន់ទេសចរណ៍ថ្មីមួយទៀត ដែលអាចទាញអ្នកទេសចដែលនិយមទៅលេងខេត្តសៀមរាប ឱ្យគិតថាខ្លួនកំពុងតែស្ថិតនៅជិតនឹងមាត់សមុទ្រផងដែរ ហើយក៏ដើម្បីចូលរួមទាក់ទាញអ្នកទេសចរឱ្យទៅលេងខេត្តសៀមរាប កាន់តែច្រើន និងស្នាក់នៅរយៈពេលយូថ្ងៃថែមទៀត។
លោក ងួន សុបិន្ត តំណាងដៃគូរវិនិយោគនិងជាតារាកំប្លែង បានបង្ហាញអារម្យថា លោកមានគំនិតមួយនេះជាយូមកហើយ តែគ្មានឱកាសនឹងជ្រៀតចូល ប៉ុន្តែពេលនេះ លោកបានចាប់ដៃគូរសហការជាមួយ ECC ក្នុងវិស័យអចលនទ្រព្យ ដោយលោកសំឡឹងឃើញថា ECC មានគម្រោងពិត មានលក្ខណៈស្មោះត្រង់ និងមានគម្រោងជាច្រើនទទួលបានជោគជ័យ។
លោកមានជំនឿចិត្តថា សម្រាប់គម្រោងឆ្នេរដូងទេ ត្រាវកុដ្ឋនេះ ពិតជាទទួលបានផលចំណេញ សម្រាប់សមាជិកមិត្តសិល្បៈក្នុងក្រុមរបស់ខ្លួន ជាពិសេសអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងនេះផងដែរ៕