ការប្រឡង​បាក់​ឌុប​នៅ​ខេត្តកំពង់ចាម​បានចាប់ផ្តើម​ដំណើរការ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2018 ក+ ក-

ខេត្តកំពង់ចាម ៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែលមាន​រយៈពេល​២​ថ្ងៃ ចាប់​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ បានចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ព្រឹក​នេះ ដោយមាន​ការប្រឡង​ពីរ​ប្រភេទ គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ដែលមាន​វត្តមាន​របស់​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម ចូលរួម​បើក​វិញ្ញាសារ​ដើម្បីអោយ​បេក្ខជន​ប្រឡង ដោយមាន​ការចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ និង​អង្គភាព​នានា ជុំវិញ​ខេត្ត​ចូលរួម​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរអប់រំ​ខេត្ត ការប្រឡង​បាក់​ឌុប ត្រូវ​ចាប់ពី​ម៉ោង ៧ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ដោយមាន ៧​មុខវិជ្ជា ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​ថ្នាក់​វិទ្យាសាស្ត្រ​។​

​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៨ នេះ នៅ​ទូទាំង​ខេត្តកំពង់ចាម មាន​មណ្ឌល​ប្រឡង​សរុប ១៤​មណ្ឌល បេក្ខជន​សរុប​ចំនួន ៨.០០១​នាក់​។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត​បានដាក់​ពង្រាយ​កម្លាំងចម្រុះ នគរបាល អាវុធហត្ថ​ខេត្ត ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព ព្រមទាំង​មាន​ក្រុមគ្រូពេទ្យ​សម្រាប់​នៅចាំ​ជួយសង្គ្រោះ​បេក្ខជន ក្នុងករណី​ដែលមាន​ជំងឺ ដ​ង្កា​ត់​ផ្សេងៗ​ក្នុងពេល​ប្រឡង​ផងដែរ​។​

​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១៨ ពេលព្រឹក ៖
-​​ម៉ោង​០៧:៣០ ដល់​ម៉ោង ០៨:៣០ ផែនដី និង​បរិស្ថានវិទ្យា (៦០​នាទី )​។​
-​ម៉ោង​០៩:០០ ដល់​ម៉ោង​១០:៣០៖ ប្រ​វ​តិ្ត​វិទ្យា (៩០​នាទី​)​។​
​ពេល​រសៀល ៖
– ម៉ោង ១៤:០០ ដល់​ម៉ោង ១៥:៣០ ៖ ភូមិវិទ្យា (៩០​នាទី​)​។​
– ម៉ោង ១៦:០០ ដល់​ម៉ោង ១៧:០០ ៖ ភាសាបរទេស (៦០​នាទី​)​។​

​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ឆ្នាំ​២០១៨ ពេលព្រឹក ៖
– ម៉ោង​០៧:៣០ ដល់​ម៉ោង​០៩:០០៖ គណិតវិទ្យា (៩០​នាទី​)​។​
– ម៉ោង​០៩:៣០ ដល់​ម៉ោង​១១:០០៖ សីលធម៌ ពលរដ្ឋ​វិជ្ជា (៩០​នាទី​)​។​
​ពេល​រសៀល ៖
-​ ​ម៉ោង​១៤:០០ ដល់​ម៉ោង​១៦:៣០៖ អក្សរសាស្ត្រ​ខ្មែរ (១៥០​នាទី​)​។​
​ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១៨
​ពេលព្រឹក ៖
– ម៉ោង​០៧:៣០ ដល់​ម៉ោង​០៨:៣០៖ ប្រវត្តិវិទ្យា (៦០​នាទី​)​។​
– ម៉ោង​០៩:០០ ដល់​ម៉ោង​១០:៣០៖ ជីវវិទ្យា (៩០​នាទី​)​។​
​ពេល​រសៀល​៖
– ម៉ោង ១៤:០០ ដល់​ម៉ោង​១៥:៣០ ៖ គីមីវិទ្យា (៩០​នាទី​)​។​
– ម៉ោង ១៦:០០ ដល់​ម៉ោង ១៧:០០ ៖ ភាសាបរទេស (៦០​នាទី​)​។​

​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ឆ្នាំ​២០១៨
​ពេលព្រឹក ៖
– ម៉ោង​០៧:៣០ ដល់​ម៉ោង​០៩:០០៖ អក្សរសាស្ត្រ​ខ្មែរ (៩០​នាទី​)​។​
-​ម៉ោង​០៩:៣០ ដល់​ម៉ោង​១១:០០៖ រូបវិទ្យា (៩០​នាទី​)​។​
​ពេល​រសៀល ៖
​ម៉ោង​១៤:០០ ដល់​ម៉ោង​១៦:៣០៖ គណិតវិទ្យា (១៥០​នាទី​)​។​

​គួររំលឹកថា កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម បាន​បិទ​ឈ្មោះ​បេក្ខជន​ប្រឡង លេខ​តុ លេខ​បន្ទប់ នៅតាម​មណ្ឌល​ប្រឡង​ទាំង ១៤ បាន​រួចរាល់​ក្នុង​ខេត្តកំពង់ចាម ហើយ​បេក្ខជន​ក៏បាន​ពិនិត្យមើល​ឈ្មោះ​របស់​ពួកគេ​រួចរាល់​ហើយ​ដែរ ដោយ​ពុំមាន​ការតវ៉ា ស្នើសុំ​អ្វីមួយ​កើតឡើង​ឡើយ រហូតមកដល់​ថ្ងៃទី​២០ ខែសីហា នេះ​៕

​នៅ​ឆ្នាំនេះ ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​រឹតបន្តឹង​វិន័យ ដោយ​មិន​ឲ្យ​មាន​ការលួចចម្លង និង​ការ​សូកប៉ាន់​គ្រូ អនុរក្ស ឬ​មេ​ប្រយោគ នោះទេ​។ ក្នុងនោះ បេក្ខជន​ក៏​មិន​អនុញ្ញាត​ឲ្យ​យក​ប្រ៊ី​យ៉ុង ទូរស័ព្ទ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ចូល​មណ្ឌល​ប្រឡង និង​បន្ទាប់​ប្រឡង​ឡើយ ដោយមាន​អ្នកសង្កេតការណ៍​ប្រឡង​សរុប​ជាង​៥.០០០ នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​ផងដែរ​។​

​ជាមួយគ្នានេះ ក្នុងពេល​ប្រឡង​បាក់​ឌុប អាជ្ញាធរខេត្ត​មួយចំនួន ដូចជា ខេត្ត​ព្រះសីហនុ ខេត្តកោះកុង កំពង់ធំ និង​ខេត្តកំពង់ស្ពឺ ជាដើម បានប្រកាស​ពី​ការរៀបចំ​កន្លែង​ស្នាក់នៅ ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​បេក្ខជន​ប្រឡង ដោយ​ឥតគិតថ្លៃ​។​

​នៅ​ខេត្តកំពង់ចាម និង​តាម​មណ្ឌល​ប្រឡង​ដទៃទៀត ក៏​ត្រូវបាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​កន្លងទៅនេះ បានប្រកាសថា អាជ្ញាធរខេត្ត និង​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន បានរៀបចំ​ថែរក្សា និង​មើល​ការខុសត្រូវ​នៅ​កន្លែងផ្ញើកង់ និង​ម៉ូតូ​ជូន​បេក្ខជន ដោយ​ឥតគិតថ្លៃ ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​សម័យ​ប្រឡង ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ នេះ​៕ ដោយ ៖ ប​. សុផល​