បិទហាង KTV រិទ្ធី សប្បាយ សប្បាយ នៅខណ្ឌពោធិ៍សែនជ័យ ដោយសារការរំខាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2018 ក+ ក-

ភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨ ហាងខារ៉ាអូខេ “រិទ្ធី សប្បាយ សប្បាយ KTV” មួយកន្លែងដែលស្ថិតនៅភូមិព្រៃព្រីងខាងត្បូងទី២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសន្តិសុខខណ្ឌពោធិ៍សែនជ័យចុះផ្អាកបិទបណ្តោះអាសន្ន ដោយសារបង្កការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង។

ប្រភពព័ត៌មានពីលោក ហុក សុទិត្យា មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា ប្រត្តិបត្តិនៃការចុះបង្រ្កាបនេះគឺដោយសារ ហាងខារ៉ាអូខេយីហោ “រិទ្ធី សប្បាយ សប្បាយ KTV” បានបង្កសម្លេងរំខាន ដល់ប្រជាពលរដ្ឋជិតខាង ហើយក៏បានទទួលពាក្យបណ្តឹងពីប្រជាជនដែលរស់នៅជុំវិញនោះ ទើបសុំគោលការថ្នាក់លើចុះបិទតែម្តង។ លោកបានបន្តទៀតថា ហាងខារ៉ាអូខេយីហោខាងលើនេះ គឺមិនមានច្បាប់សុំការអនុញ្ញាតិបើកអាជីវកម្មត្រឹមត្រូវទេ។

ចំណែកសម្ភារៈដែលអជ្ញាធរសាលាពោធិ៍សែនជ័យបានដកហូតឧបករណ៍បានមួយចំនួនធំ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ។

ចំពោះការចុះបង្រ្កាបហាងខាងលើនេះគឺជាលើកទី៣ហើយដែលអាជ្ញាធរសាលាខណ្ឌពោធិ៍សែនជ័យធ្លាប់បានធ្វើកិច្ចសន្យាជាមួយហាងនេះ តែមិនព្រមអនុវត្តន៍តាមកិច្ចសន្យាទើប សាលាខណ្ឌសម្រេចចិត្តចុះផ្អាកបណ្តោះអាសន្នតែម្តង៕