ក្រសួង​អប់រំ​ព្រមាន​ចាត់វិធានការ​លើ​អ្នក​បង្ហោះ​លទ្ធផល​កំណែ​ប្រឡង​បាក់​ឌុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​បង្ហោះ​ចែករំលែក​វិញ្ញាសា និង​អត្រាកំណែ​មុខវិជ្ជា​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២០ សីហា ២០១៨​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះ ក្រសួង​អប់រំ បាន​លើកឡើងថា ការ​បង្ហោះ និង​ចែករំលែក​វិ​ញ្ញា និង​អត្រាកំណែ​នេះ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរ​ប្រ​ព្រឹ​ត្ដទៅ នៃ​ការប្រឡង ដែល​កំពុង​ប្រ​ព្រឹ​ត្ដទៅ​យ៉ាង​រលូន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្ដិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ Facebook ដែល​កំពុង​ធ្វើ​សកម្មភាព​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​របស់ខ្លួន​។ ក្រសួង​អប់រំ បាន​ព្រមាន​ថា ប្រសិនបើ​សកម្មភាព​ចែករំលែក​រាល់​វិញ្ញាសា និង​អត្រាកំណែ​នៅតែ​បន្ដ​ក្នុង​រយៈពេល​ដំណើរ​កំណែ ការ​ស្រង់ បូក​ពិ​ន្ទ​ដោយ​កុំព្យូទ័រ ផ្ទៀងផ្ទាត់​ពិន្ទុ មុន​ការប្រកាស​លទ្ធផល​ផ្លូវការ មិនទាន់​ត្រូវបាន​បញ្ចប់ ក្រសួង នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ស្វែងរក​ម្ចាស់​ទំព័រ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ មក​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​៕