ភ្នំពេញ ៖ យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ព្រះករុណាទ្រង់បានព្រះរាជទានការលើកលែងទោសដល់ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនចំនួន១០នាក់ (សរុបចំនួន១១នាក់) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រី តុលាការរាជធានី នៅវេលាល្ងាចនេះ។
មន្ត្រីតុលាការបានប្រាប់នៅព្រលប់ ថ្ងៃទី២៧ ខែសីហា ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកបានទទួលលិខិតលើកលែងទោសអ្នកទាំងនេះហើយ ហើយនៅពេលនេះកំពុងធ្វើដីការដោះលែង
ដែលពួកគេនឹងត្រូវដោះលែងនៅយប់នេះតែម្តង បន្ទាប់ពីរៀបចំបែបបទតាមនីតិវិធីរួចរាល់។
ការលើកលែងទោសនេះកើតឡើងបន្ទាប់ពីមានលិខិតសុំការសណ្តោសប្រោសប្រណីពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះរាជទានលើកលែងទោសដល់ពួកខ្លួនឲ្យមានសេរីភាពឡើងវិញ។ លិខិតសុំអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ។
អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនទាំង១១នាក់ ដែលកំពុងតែជាប់ពន្ធនាគារព្រៃស មានដូចជាៈ ១.លោក មាជ សុវណ្ណារ៉ា ។ ២.ឃិន ជំរឿន ។ ៣.លោកនាង សុឃុន ។ ៤.លោក សាន គីមហេង។ ៥.លោកសាន សីហៈ ។ ៦.លោកអ៊ុក ពេជ្រសំណាង ។ ៧.លោកទេព ណារិន។ ៨.លោកអឿ ណារិទ្ធ ។ ៩.លោកអាន បឋម ។ ១០.លោកកែ ឃី ។ ១១.ស៊ុំ ពុទ្ធិ ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា កន្លងមកនេះ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជន១០នាក់ ផ្សេងទៀតបានលិខិតមួយចេញពន្ធនាគារព្រៃស សុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស ឲ្យមានសេរីភាពវិញ ដោយម្នាក់ៗសុទ្ធតែទទួលស្គាល់ពីការប្រព្រឹត្តរបស់ខ្លួនដែលឈានទៅដល់ការចាប់ឃុំខ្លួន៕