ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមេធាវីគណបក្សប្រជាជនកម្ពុជា តាមទារលុយ ៨០០លានរៀល ពីលោក គឹម សុខ អ្នកវិភាគសង្គមដែលចាញ់ក្តីក្នុងសំណុំរឿងចោទប្រកាន់« គណបក្សប្រជាជនកម្ពុជា រៀបចំផែន ការសម្លាប់លោក កែម ឡី»។
សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះ សំណាល ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហានេះ។
សម្ដេចតេជោ បានលើកឡើងថា ការរួចទោសនាពេលថ្មីៗកន្លងមកនេះ មាន ២ប្រភេទ គឺការរួចទោសតាមរយៈការស្នើសុំមកសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រលើកលែងទោស គឺមិនចាំបាច់បង់សំណងនោះទេ ប៉ុន្ដែអ្នករួចទោសតាមរយៈការផុតរលត់នៃទោស ត្រូវបង់ប្រាក់សំណងនេះ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អ្នករួចទោសតាមរយៈការស្នើសុំមកសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រលើកលែងទោស មានដូចជាលោក អ៊ុ សំអាន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ទេព វន្នី និងសកម្មជនមួយចំនួនទៀត ចំណែកលោក គឹម សុខ បានរួចទោស និងត្រូវបានដោះលែងចេញពន្ធនាគារ បន្ទាប់ពីលោកបានអនុវត្តទោសរយៈពេល ១ឆ្នាំកន្លះ គិតត្រឹមថ្ងៃទី១៧ ខែសីហា នេះទៅតាមកំណត់ច្បាប់។
សូមបញ្ជាក់ថា តុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានសម្រេចផ្តន្ទាទោសលោក គឹម សុខ អ្នកវិភាគសង្គម ដាក់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ ៨លានរៀលចូលថវិការដ្ឋ និងសងជំងឺចិត្ត ៨០០លានរៀល ដល់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា រៀបចំផែនការសម្លាប់លោក កែម ឡី៕