ចាប់​បុរស​អាមេរិកកាំង​ម្នាក់ ករណី​រំលោភ​ក្មេងស្រី​នៅ​សហរដ្ឋអាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ព្រះសីហនុ ៖ បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៩ សីហា ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​ជា​អនីតិជន ជាច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន Fresh News ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា ប្រតិបត្តិការ​នេះ បាន​ប្រព្រឹត្តឡើង​នា​ថ្ងៃទី​២៩ ខែសីហា ម្សិលមិញ នា​វេលា​ម៉ោង​៨៖៣០​នាទី​យប់ ដោយមាន​ការសម្របសម្រួល​ពី​សំណាក​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​បន្តថា បុរស​ជនជាតិ​អាមេរិក ដែល​កម្លាំង​ជំនាញ​របស់លោក​ឃាត់ខ្លួន​មានឈ្មោះ William David Brenner កើត​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​១៩៥៥ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​តោ​ពីរ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ តាម​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​សហរដ្ឋ​អាមេរិក ពីបទ​រំលោភ​ផ្លូវភេទ​លើ​កុមារ (​នៅ​សហរដ្ឋអាមេរិក​)​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ មាន​សហការ​ជាមួយ​ការិយាល័យ​សន្តិសុខ តំបន់​របស់​សហរដ្ឋ​អាមេរិក (RSO) Regional Security office ប្រចាំ​ស្ថានទូត​អាមេរិក និង​បាន​បញ្ជូន​ជនសង្ស័យ​ទាំងយប់ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រៀម​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​វិញ​ផងដែរ​៕​