ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងនៅសណ្ឋាគារ Shangri-La ( ហ្ស៊ាំងហ្គ្រី ឡា ) រដ្ឋធានីសិង្ហបុរី ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារធ្វើសេរីភាវូបនីយកម្ម ក្នុងអាស៊ាន និងរិះរកដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ ។
ក្នុងនោះកិច្ចប្រជុំក៏បានត្រួតពិនិត្យ និងកំណត់ជំហរផ្ទៃក្នុងអាស៊ានសម្រាប់ការចរចាជាមួយប្រទេសជាដៃគូក្រោមក្របខ័ណ្ឌអាស៊ានបូកមួយ អាស៊ានបូកបី និងការចរចាលើកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) និងកំណត់ជំហររបស់អាស៊ានទាក់ទងនឹងរបត់ថ្មីនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
កិច្ចប្រជុំត្រូវបានដឹកនាំដោយឯកឧត្តម Chan Chun Sing រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន រួមជាមួយគណៈប្រតិភូជាសមាជិក ព្រមទាំងអគ្គលេខាធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០១៧-២០១៨ ហើយបានអនុម័តលើផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០១៩-២០២០ ដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ជាមួយសមាជិកអាស៊ានទាំង៦ចាស់ ។
ទន្ទឹមនោះ ក៏បានផ្តល់គោលការណ៍សំខាន់ៗ សម្រាប់បញ្ចូលក្នុងក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ព្រមទាំងណែនាំឲ្យលេខាធិការដ្ឋានអាស៊ាន ខិតខំសម្របសម្រួលការងារនេះជាមួយប្រទេសជាសមាជិក ដោយធ្វើយ៉ាងណាបញ្ចប់សេចក្តីព្រាង និងដាក់ជូនរដ្ឋមន្ត្រីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំកំពូលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ៕