U S A ៖នៅថ្ងៃអាទិត្យនេះ អ្នកប្រដាល់ជនជាតិអាមេរិកស្បែកខ្មៅ Mayweather បានបំបាក់កីឡាករហ្វីលីពីនManny Pacquiao ឈ្នះពិន្ទុដោយឯកច្ឆ័ន ដែលធ្វើឲ្យ Floyd នៅតែអាចរក្សាកំណត់ត្រាមិនដែលចាញ់ដដែល។
ព្រឹត្តការណ៍នៃការប្រដាល់ប្រចាំសតវត្សរ៍ដ៏កក្រើកពិភពលោកកាលពីព្រឹកមិញនេះ ក្រោយពីមានការផ្គូរផ្គងអស់រយៈពេលជាង៥ឆ្នាំ។ ការប្រកួតនេះធ្វើឡើងនៅLas Vagas សហរដ្ឋអាមេរិក។
ក្រោយពីការប្រកួត១២ទឹក អាជ្ញាកណ្តាលបានប្រកាសថាពិន្ទុរបស់កីឡាករទាំងពីរ គឺ១១៨-១១០, ១១៦-១១២ និង១១៦-១១២ ដែលបានទៅកីឡាករFloyd។ Manny Pacquiao បានសម្រុកវាយនៅលើសង្វៀន តែFloyd ព្យាយាមគេច និងរកកន្លែងវាយបក។ ការប្រកួតនេះ Floyd បានបម្លាស់ទីច្រើននៅលើសង្វៀន ដើម្បីគេចពីការវាយរបស់កីឡាករ Manny និងវាយបកភ្លាមៗ ខណះដែល Pacquiao មានចន្លោះប្រហោង។
អ្នកស្នេហាកីឡាប្រដាល់ បានកត់សម្គាល់ថា ១២ទឹកនៃការប្រកួតរវាង Pacquiao និង Floyd គេអាចដឹងបានថា Pacquiao មានសមត្ថភាពត្រឹមតែ កៀង បញ្ឆោត និងវាយសន្ធាប់ផ្ទួនៗពីក្រៅដៃជារបាំងការពារយ៉ាងរឹងមាំប៉ុណ្ណោះ ចំណែកការដាល់ចំគោលដៅដែលអាចទទួលបានពិន្ទុមានភាគរយទាប។ចំពោះ Floyd វិញ ប្រើល្បិចកម្ទេចសត្រូវតាមវិធីបើកទ្វារឲ្យសត្រូវស្ទុះចូល រួចវាយស្កាត់ខណះសត្រូវបាត់ម្ចាស់ការ។
ក្រោយការប្រកួត គ្មានប្រភពព័ត៌មានណាបញ្ជាក់ថា Pacquiao សុំសងសឹកនោះទេ៕