អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា​រឿង​លោក អ៊ុយ ឆាយ យក​ដី​ផ្លូវ​សង់​អាគារ​ធ្វើជា​កម្មសិទ្ធិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​ជាខ្លាំង​ចំពោះ​សំណង់​មួយកន្លែង​របស់លោក អ៊ុយ ឆាយ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​គេ​ឃើញ​កំពុង​យក​ដី​ផ្លូវ​ប្រើប្រាស់​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ជា​យូរ​ឆ្នាំ​មកហើយ​នោះ ត្រូវគេ​រាយការណ៍​ថា បាន​កើតឡើង​ដោយសារ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​មួយចំនួនទៀត​។ សំណង់​ដែល​សង់​រំលោភ​លើដី​ផ្លូវ​នោះ ត្រូវបាន​អ្នកស្រុក​ប្រាប់ថា មាន​ម្ចាស់​ឈ្មោះ អ៊ុយ ឆាយ ភេទ​ប្រុស​អាយុ ប្រហែល​៤៧​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​យក​ដី​ផ្លូវត្រង់​ចំណុច​ផ្លូវ​ពេទ្យ​នគរ​រាជ្យ មាន​សណ្ឋាន​ប្លង់ដី​ស្របតាម​បណ្ដោយ​ប្រហែលជា​១០០​ម៉ែត្រ និង​ទទឹង​២០​ម៉ែត្រ​។ ប្រភព​ដដែល​បន្ត ថា មិន​ត្រឹមតែ​យក​ដី​ផ្លូវ​ធ្វើ​សំណង់​រឹង​ទាំង​គ្មាន​ច្បាប់​សាងសង់​នោះទេ គឺ​បាន​យក​ដី​ផ្លូវ​ទៅធ្វើ​អាង​ហែល​ទឹក​/​ស្ទី​ម និង​ហាត់ប្រាណ សម្រាប់ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ឃើញ​សមត្ថកិច្ច​ថ្នាក់​ណាមួយ​ចុះមក​រារាំង​នោះឡើយ​។

​ប្រភព​នេះ បញ្ជាក់ថា ទីតាំង​នោះ ស្ថិតនៅ​ជាប់​នឹង​បរិវេណ​កាស៊ីណូ ដែល​បច្ចុប្បន្ន​ដី​នៅ​ទីនោះ ហាងឆេង​កំពុងតែ​មានតម្លៃ​ខ្ពស់ ហើយ​បើសិនជា​គេ​នាំគ្នា​«​ក្រូ​ម៉េ​» ឯកសារ​ឲ្យ​ទៅជា​ដី​ស្របច្បាប់​វិញ​នោះ គឺមាន​តម្លៃ​រាប់លាន​ដុល្លារ​ឯណោះ​។ បច្ចុប្បន្ន លោក អ៊ុយ ឆាយ បានចាប់ផ្តើម​សង់​អាគារ​ថ្មី​ទៀត រំលោភ​យក​ដី​ផ្លូវ​នេះ ដែល​សង្ស័យ​សង់​សណ្ឋាគារ​ជួល​ឲ្យ​ជនបរទេស​បន្ថែម​ចំណូល ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​អភិបាលក្រុង សាន ស៊ានហូ បញ្ជាក់ថា ដី​របស់លោក អ៊ុយ ឆាយ ដែល​រំលោភ​យក​ដី​ផ្លូវ​នោះ គេ​សង្ស័យ​មានការ​ពាក់​ពន្ធ និង​អភិបាលក្រុង​ចាស់​ដែល​បាន​ផ្លាស់​តំណែង​ទៀតផង ។ បើ​ដូច្នេះ​មែន មិនដឹងថា លោក សាន ស៊ានហូ អភិបាលក្រុង​ទើប​កាន់តំណែង​ក្រោយនេះ ក្លាហាន​ក្នុងការ​ចាត់វិធានការ​លើ​ករណី​រំលោភ​ដី សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែរឬទេ​?

​ទាក់ទិន​នឹង​ករណី​នេះដែរ លោក អ៊ុយ ឆាយ ដែលជា​ម្ចាស់​សំណង់​លើដី​ផ្លូវ​ដូច​បាន​រៀបរាប់​ខាងលើ បាន​ប្រាប់​តាម​ទូរស័ព្ទ​ដោយ​បដិសេធថា លោក​មិនដឹង​ទេ ឃើញ​បែបណា​ផ្សាយ​ន​បែបនេះ​ទៅ ?
​ចំណែក​លោក​ចៅសង្កាត់​ប៉ោយប៉ែត ភោគ លន ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​ទេ​។ លោក​ថា ចាំ​លោក​រាយការណ៍​ទៅ​ក្រុង ឲ្យ​ខាង​ផ្នែក​សំណង់​គេ​ចុះទៅពិនិត្យ​។​

​រីឯ​លោក​ប្រធាន​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ លោក ប្រាក់ ប៉ូ​លី វិញ លោក​ថា លោក​មិន​បានដឹង​ព័ត៌មាន​នេះ​ទេ តែ​ទាក់ទង​ទៅនឹង​លើផ្លូវ​សាធារណ​: គី​អាជ្ញាធរ​មូលដ្ឋាន​មុនគេ​ដែលជា​អ្នកទទួលខុសត្រូវ តែបើ​អាជ្ញាធរ​ឆ្លើយថា​មិនដឹង​ទៅហើយនោះ បន្តិចទៀត​គេ​នឹង​សង់​បិទផ្លូវ​ជាតិ​មិន​ខាន ចំណែក​លោក​ខាង​សូ​រិ​យោ​ដី មាន​សមត្ថកិច្ច​ត្រឺ​ម​ទទួលខុសត្រូវ​លើ​ផ្នែក​បច្ចេកទេស​សាងសង់​ប៉ុណ្ណោះ ។​

​យ៉ាងណាក៏ដោយ សំណង់​របស់លោក អ៊ុយ ឆាយ ទាំង​សំណង់​ចាស់ ទាំង​សំណង់​ថ្មី​នៅលើ​ផ្លូវ​ខាងលើនេះ បានកើត​មាន​យូរ​ឆ្នាំ​មកហើយ និង​បាន​បើក​ប្រកប​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀតផង ប៉ុន្តែ​មិនដឹងថា មាន​មូល​ហេតុអ្វី​បានជា​សមត្ថកិច្ច​គ្រប់​ថ្នាក់​ក្នុង​មូលដ្ឋាន​នេះ ឆ្លើយថា​មិនដឹង​គ្រប់គ្នា ដោយ​រុញ​ដាក់គ្នា​ទៅវិញទៅមក​បែបនេះ ហើយ​មន្ត្រី​ខ្លះ​បែរជា និយាយ​រាក់​កំភែល​ថា ចាំ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​សិន ដោយ​ទុក​ឱកាស​ឲ្យ​គេ​សាងសង់​
យ៉ាង​រំភើយ ឬក៏​មាន​អ្វី​នៅ​ជ្រក​ពីក្រោយ​ឆាក​របស់លោក អ៊ុយ ឆាយ នេះ​ទេ​ដឹង ? ដែល​គួរតែ​លោក​អភិបាលខេត្ត បន្ទាយមានជ័យ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រូតរះ​ស៊ើបអង្កេត​រឿងនេះ​ឡើងវិញ​ផង​៕