សៀមរាប ៖ លោក អាគីរ៉ា ដែលគេស្គាល់ថា ជាវីរៈបុរសមីនកម្ពុជា ត្រូវបានកម្លាំងនគរបាល ខេត្តសៀមរាប ឃាត់ខ្លួនជាមួយមនុស្សពីរនាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកនូវអាវុធខុសច្បាប់ និង បើកអង្គការសារមន្ទីរគ្រាប់មីនគ្មានច្បាប់។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។
លោកវរសេនីយ៍ទោ ណុល រ៉ុង នាយរងការិយាល័យ ព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានថ្លែងឲ្យដឹង នៅ រសៀលថ្ងៃទី៣០ ខែសីហា នេះថា កាលពីថ្ងៃទី២៩ ខែសីហា កម្លាំងសមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួនមនុស្សបីនាក់ ដែលមានឈ្មោះ អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ តួនាទីជាប្រធាន អង្គការ សារមន្ទីរមីនកម្ពុជា មានទីលំនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។ ទី២ អឿនយ៉ុន ភេទ ប្រុស អាយុ៥៤ឆ្នាំ តួនាទីជាអនុប្រធានអង្គការនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ទី ៣ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ តួនាទីជាប្រធានប្រតិបត្តិ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ឆាបឆេះនៅក្នុងសារមន្ទីរ មីនរបស់លោកអាគីរ៉ា នៅក្នុងស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ កន្លងទៅ។
មន្ត្រីជំនាញ នៃអង្គការស៊ីម៉ាក់ បានឲ្យដឹងថា នៅក្នុងការដែលចុះត្រួតពិនិត្យ នៅក្នុងទីតាំងសារមន្ទីរ មីននេះ កម្លាំងស៊ីម៉ាក់បាន ដកហូតបានគ្រាប់បែកដៃចំនួន៩គ្រាប់ ,មីន៧២A ចំនួន១៥គ្រាប់ ,គ្រាប់កាំភ្លើងខ្លី ចំនួន៣២៥គ្រាប់, ដងគ្រាប់បេចំនួន១, ម្ជុលភ្លើងមីន៦៩ចំនួន៥ដើម, គ្រាប់កាំភ្លើង ដៃចំនួន១០គីឡូ, កាំភ្លើងស្វ័យប្រវត្តិឆេះខូចចំនួន៦ដើម, សំបកគ្រាប់មីនចំនួន២កេះឈើ ខ្សែឆេះ ផ្ទុះចំនួន១,កេះឈើដាក់គ្រាប់បែកចំនួន១,កេះដែកដាក់ខ្សែយឺតចំនួន១,ស្មាច់ដាក់គីបចរន្តចំនួន១,គ្រាប់កាំភ្លើងខ្លីK59 ចំនួន៤២, គ្រាប់គីបចរន្តចំនួ២៩០ដើមនិងគីបធម្មតា៣០០ ដើម។ ក្រោយ ពេលប្រមូលគ្រឿងផ្ទុះទាំងអស់ មន្ត្រីជំនាញស៊ីម៉ាក់ បានយកទៅកន្លែងមានសុវត្ថិភាព និងធ្វើការ កម្ទេចចោល។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណី នេះកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះហើយ ដោយចោទ ប្រកាន់ពីបទរក្សាទុកនូវអាវុធខុសច្បាប់ និងច្បាប់អង្គការសារមន្ទីរគ្រាប់ មីននោះហួសសពុលភាព ចំនួន៤ឆ្នាំមកហើយ។ចំ ណែកក្មេងនៅក្នុងអង្គការចំនួន១៧នាក់ស្រី៧នាក់ នោះត្រូវបានមន្ទីសង្គម កិច្ចខេត្ត យកទៅចិញ្ចឹមបីបាច់ថែរក្សាបន្តនៅកន្លែងមានសុវត្ថិភាព។
លោកបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនដល់សាលាដំបូងខេត្តនារសៀលថ្ងៃទី៣០ខែសីហាដើម្បីចាត់ការតាមផ្លូវច្បាប់៕