ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ បានចារឯកភាពក្នុងការសិក្សាលទ្ធភាពក្នុងការ រៀបចំបង្កើតខេត្តថ្មីចំនួនពីរទៀត ទៅតាមសំណើរបស់ក្រសួងមហាផ្ទៃ។ ការសិក្សាបង្កើតខេត្តពីរទៀតនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធ ភាព នៃការគ្រប់គ្រងរដ្ឋបាល។
គណៈកម្មាធិការស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ក្រោមជាតិ ដែលមាន សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហា ផ្ទៃនឹងចាត់មន្ត្រីបច្ចេកទេស ដើម្បីធ្វើ ការសហការជាមួយក្រសួង និងខេត្តពាក់ ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្តែង បន្ទាប់ពីសម្តេច តេជោ នាយករដ្ឋមន្ត្រីបានចារឯកភាពកាលពីថ្ងៃទី២៨ សីហាកន្លងទៅ។ បើតាមលិខិតរបស់រដ្ឋ មន្ត្រីមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដាក់ជូនសម្តេចតេជោ កាលពីថ្ងៃទី២៧ សីហា បាន បញ្ជាក់ថា ការសិក្សាលទ្ធភាពក្នុងការបង្កើតខេត្តថ្មីគឺបំណងសំខាន់ ដើម្បីជួយលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារ ណៈ ការជម្រុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្អែក តាមពិនិត្យជាទូទៅលើស្ថាន ភាពភូមិសាស្ត្រ និងស្ថានភាពប្រជាសាស្ត្រ។
ក្រសួងមហាផ្ទៃនឹងធ្វើការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីមួយដោយបំបែកចេញពីខេត្តកណ្តាល ដោយសារខេត្តកណ្តាលមានភាពធំ ស្មុគស្មាញ និងស្ថិតនៅ ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រសួងក៍ នឹងធ្វើការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីមួយទៀត ដោយពិនិត្យលើកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រ របស់ស្រុកកោះ ញែកនៃខេត្តមណ្ឌលគីរី និងស្រុកលំផាត់នៃខេត្តរតនគីរី។ បើតាមសម្តេច ក្រ ឡា ហោម ស ខេងបញ្ជាក់នៅក្នុងលិខិតនោះថា កិច្ចការរៀបចំបង្កើតខេត្តថ្មី នឹងត្រូវរៀបចំធ្វើឲ្យបានចប់ សព្វគ្រប់នៅខែមេសា ឆ្នាំ២០១៩ ដើម្បីទុកពេល វេលាសមស្របសម្រាប់រាជរដ្ឋាភិបាល កំណត់ ចំនួនអាសនៈក្រុមប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ការបោះឆ្នោត ជ្រើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានខេត្តចំនួន២៤ ខេត្ត និងរាជធានី ភ្នំពេញ។ កាលពីខែមីនា ឆ្នាំ២០១៤ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតជាផ្លូវការ ដោយព្រះរាជក្រិត ដោយ បំបែកចេញពីខេត្តកំពង់ចាម។ ក្នុងនោះ ត្រូវកាត់យកក្រុងចំនួន ០១ និងស្រុកចំនួន ០៦ ពីខេត្ត កំពង់ចាម គឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឱ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់៕