ភ្នំពេញ ៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានប្រាប់សាធារណៈជន ថា ការលើកលែងទោសរូបលោកកាលពីសប្ដាហ៍មុននេះ មិនជាប់ទាក់ទងនឹងអង្គការអន្តរជាតិ ឬរដ្ឋាភិបាលបរទេសណាមួយនោះឡើយ។
អតីតប្រធានគណបក្សអំណាចខ្មែរលោកសួន សេរីរដ្ឋា បានសរសេររៀបរាប់ក្នុងគណនី ហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី៣១ ខែសីហានេះ ថា រយៈពេល១ឆ្នាំ ១០ថ្ងៃ ដែលរូបជាប់ឃុំឃាំង គ្មានអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ណាមួយរវីរវល់មកសួរសុខទុក្ខ សួរនាំលើកទឹកចិត្តរូបលោក នោះទេ។
លោកថា សូម្បីអង្គការ Licado ដែលចូលទៅក្នុងពន្ធនាគារៀងរាល់អាទិត្យ យកថ្នាំពេទ្យទៅចែក និងដុកទ័រ ទៅជួយពិនិត្យសុខភាពនោះ ក៏មិនដែលហៅរូបលោកមកជួបសួរ ជួយពិនិត្យសុខភាព ឬឲ្យថ្នាំពេទ្យបានមួយគ្រាប់ដែរ។ ក្នុងនោះមានតែមន្ដ្រីស្ថានទូតអាមេរិក, មន្ដ្រីកាកបាទក្រហមអន្តរជាតិ ,ក្រុមដុកទ័រពីស្ថានទូតថៃប៉ុណ្ណោះ បានមកជួបសួរសុខទុក និងជួយពិនិត្យសុខភាពរូបលោក ហើយ ក្រៅ ពីនោះមានតែប្រពន្ធកូនគ្រួសាររបស់លោក ព្រមទាំងមិត្តភក្តិ អ្នកគាំទ្រប៉ុណ្ណោះ ដែលបានចូល ទៅជួបសួរសុខទុក្ខរូបលោក ដល់ពន្ធនាគារ។
លោកសួន សេរីរដ្ឋា បានបញ្ជាក់ ថា”ខ្ញុំចង់ប្រាប់សាធារណៈជនថា ការលើកលែងទោសឲ្យខ្ញុំ ទទួលបានសេរីភាព វាគ្មានទាក់ទងនឹងពួកអង្គការសិទ្ធិមនុស្សណា ឬរដ្ឋាភិបាលអន្តរជាតិណាទេ ក្រៅ ពីក្រុមការងារ និងក្រុមគ្រួសាររបស់ខ្ញុំ ដែលព្យាយាមតាមលទ្ធភាពជាក់ស្តែងតាមផ្លូវតុលាការ និងតាម ផ្លូវដំណោះស្រាយនយោបាយ ក្នុងស្មារតីខ្មែរជាតិសាសន៍តែមួយ។ដូច្នោះសូមសាធារណៈ កុំយល់ ច្រឡំ”។
គួររំលឹក ថា លោកសួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ លាន រៀល កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា ហើយ នៅយប់ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨ នេះ លោក សួន សេរីរដ្ឋា ត្រូវបានដោះលែង បន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យព្រះរាជទានការលើកលែងទោស តាមការស្នើសុំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕