ដើម​ស្រកានាគ​​នៅប៉ៃលិនផ្តល់​ផល​បាន​៦​ដង​ក្នុង​មួយឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ខេត្ត​ប៉ៃលិន ៖ ស្រកានាគ​ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ មាន​លក្ខណៈ​ខុសប្លែក ពី​ដំណាំ​ផ្សេង ទៀត ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងប៉ៃលិន និយម​ដាំ​នៅតាម​របង​ផ្ទះ ឬ​ក្នុង​ចម្ការ ដោយ​ដំណាំ​នេះ គ្រាន់​តែមាន​ដើម ហើយ​ចេញ​ផ្កា និង​ផ្លែ​តែម្តង វា​គ្មាន​ស្លឹក ដូច​រុក្ខជាតិ​ដទៃទៀត​ឡើយ​។

​បើតាម​ស្ត្រី ម្នាក់​ឈ្មោះ​យ៉ាន់ ធួ​ក អាយុ​៣៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន បាន ឱ្យ​រៀបរាប់ថា​៖ ស្រកានាគ​មាន​ពីរ​ប្រភេទ ខ្លះ​មាន​សាច់​ពណ៌​ស មាន​រសជាតិ​ជូរអែម ខ្លះទៀត​មាន សាច់ ពណ៌​ស្វាយ រសជាតិ​ផ្អែម​ឈ្ងុយ ហើយ​នៅពេល​ទុំ វា​មាន​ទម្ងន់ ចាប់ពី​៣​ខាំ ទៅ​កន្លះ​គីឡូក្រាម ស្របតាម​ស្ថានភាព​ដី​។

​ចំណែក​សម្បក​ក្រៅ មាន​លក្ខណៈ​ស្រដៀង ទៅនឹង​ស្រកា​សត្វ​នាគ​, សាច់មាន​គ្រាប់​ល្អិត​តូចៗ ដូច គ្រាប់ ល្ង​។​ចំពោះ​ក្នុង​ការដាំ​គឺ​គាត់​ដាក់​បង្គោល​ប្រវែង​ជាង​២​ម៉ែត្រ ដាក់​ចន្លោះ​ពីគ្នា​ប្រវែង​ពី ២​ម៉ែត្រ ទៅ​៣​ម៉ែត្រ ដោយមាន​ដាក់​សម្បក​កង់​ម៉ូតូ​ដំ​ជាប់​នឹង​ឈើ​ខ្វែង​នៅ​ពីលើ ដើម្បីឱ្យ​ស្រកានាគ​វារ​ឡើង ទៅ​រុំ​ព័ទ្ធ​នៅ​ខាងចុង​បង្គោល​នោះ ហើយ​ពេល​លូតលាស់​កាន់តែ​វែង​ខ្លាំង យើង​ដើរកាត់​ចុង​ចោល ឬ យកទៅ​ដាំ​កន្លែង​ផ្សេងទៀត​។​

​ជាមួយគ្នានេះដែរ​គាត់​ក៏​សំណូមពរ ដល់​ប្រជាពលរដ្ឋ បើសិនជា​អាច​គួរ​នាំគ្នា​ដាំ​ដំណាំ​នេះ ព្រោះ​ការដាំ មិនមាន​អ្វី ដែល​លំបាក​នោះទេ គ្រាន់តែ​ដាក់​មែក ឬ​ធាង​វា​ដល់​ដី ហើយ​មាន​បង្គោល នោះ​នឹង​ដុះ​លូត លាស់​បាន​យ៉ាង​ល្អ អាច​បាន​ផល​ទទួលទាន​ក្នុង​ក្រុមគ្រួសារ​យ៉ាង​ងាយ ព្រមទាំង​លក់​ឱ្យ​ឈ្មួញ បាន ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៀតផង ។​

​ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ សុខ អឿន អាយុ​៦៣​ឆ្នាំ រស់នៅក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា បាន​រៀបរាប់ថា​ស្រកានាគ​របស់គាត់​នាំយក​ពូជ​មកពី​ខេត្តបាត់ដំបង ដោយ​មុនដំបូង​ដាំ​តែ​ប ន្តិ​ច​បន្តួច ប៉ុណ្ណោះ លុះ​ក្រោយមក ក៏​ដាំ​បំបែក​កាន់តែ​ច្រើនឡើងៗ​រហូតដល់​ជាង​៦០០​គុម្ព នៅក្នុង​ចម្ការ​របស់ គាត់ អស់​រយៈពេល​៦​ឆ្នាំ​កន្លងមកហើយ បន្ទាប់ពី​ដាំ​បានត្រឹមតែ​១​ឆ្នាំ ដំណាំ​មួយ​នេះ​បាន​ដុះ លូត លាស់ រហូត ដល់​ទទួលបាន​ផ្លែផ្កា​ជាច្រើន​។​
​ស្រកានាគ ដែល​គាត់​ដាំ​ជា​លទ្ធផល​ទទួលបាន​គឺ​មួយឆ្នាំ បេះ​បាន​រហូតដល់​ចំនួន​៦​ដង ទើប​អស់​ផ្លែ ហើយ​បេះ​ម្តង អាច​ថ្លឹង​លក់ ឱ្យ​ឈ្មួញ​ដែល​មកពី​ខេត្តបាត់ដំបង ,​សៀមរាប​,​បន្ទាយមានជ័យ​ជាដើម ដោយ​ជួនកាល​បេះ​បាន​៥០០​គីឡូក្រាម ទៅ​១​តោន​ឯណោះ​។​

​គាត់​បាន​បន្តថា​៖ បើ​និយាយ​ពី​តម្លៃ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្រកានាគ​១​គីឡូក្រាម អាច​លក់បាន​៣០០០ រៀល ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ទីផ្សារ​ស្រកានាគ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​បន្តិច ដោយ​១ គីឡូក្រាម អាច​លក់បាន​ត្រឹមតែ​២៥០០​រៀល​ប៉ុណ្ណោះ​។​ជាមួយគ្នានេះដែរ លោក​ក៍បាន​ពន្យល់ ពី វិធី​ដាំ​ស្រកានាគ គឺ​គេ​ត្រូវយក​កូន ដែល​កាត់ចេញ​ដើម​ស្រកានាគ​ចាស់ មក​ផ្សាំ ដោយ​ដុះ​ប្រវែង ៥ ហ៊ុន ឬ ១​តឹក ទើប​យកទៅ​ដាំ​បាន​។

​បន្ទាប់មក​គេ​ត្រូវ​ដាំ​បង្គោល ជាមុន ដែលជា​ប្រភេទ​បង្គោល​រឹងមាំ និង​ធន់​បានយូរ​អង្វែង ជៀសវាង​ការ បាក់ នៅពេល​ស្រកានាគ​លូតលាស់​ល្អ​។ ចំណែក​ផ្នែក​ខាងលើ គេ​ត្រូវ​ចោះ​បង្គោល និង​ដាក់​ដែក រឹងមាំ ទំហំ​១៤ ទៅ​១៦​លី ខ្វែង​ជា​៤​ជ្រុង កម្ពស់​ពី​ដី​ប្រហែល ១​ម៉ែត្រ​កន្លះ ទៅ ១​ម៉ែត្រ ៧​តឹក ហើយ ដាក់​សំបក​កង់​ម៉ូតូ​សម្រាប់​ដើម​ស្រកានាគ​វារ​លើ​។ លោក​បញ្ជាក់ថា ក្នុង​មួយ​គុម្ព ត្រូវ​ដាំ​បីកូន ប៉ុន្តែ​បើ​ល្អ​គឺ​ដាំ​ចំនួន​បួន​កូន ហើយ​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង​ប្រមាណ ២​ម៉ែត្រ ទៅ​៣​ម៉ែត្រ ។

​លោក​ក៏បាន​សូម​បញ្ជាក់ដែរថា ដំណាំ​ស្រកានាគ បន្ទាប់ពី​ផ្កា​រួច បើ កសិករ​ឧស្សាហ៍​ស្រោច​ទឹក​នោះ ផ្លែ​វា​នឹង​ថ្លោស​ធំ​ល្អ មាន​រសជាតិ​ផ្អែម​ឈ្ងុយ គួរឱ្យ​ចង់​បរិភោគ​ផងដែរ​។​លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ការចេះ​វិធី​ដាំ​ស្រកានាគ​នេះ​គឺ​លោក មិនបាន​រៀនសូត្រ មកពី​ខាង​មន្ទីរ​កសិកម្ម ឬ​ពី​មន្ទីរ ជំនាញ​ណា នោះទេ គឺ​នឹកឃើញ​ដាំ​ដោយ​ខ្លួនឯង ហើយក៏​មិន​ធ្លាប់ ឃើញ​មន្ត្រី​ខាង​មន្ទីរ​ណា​ម្នាក់​ចុះ ទៅ​អប់រំ​ណែ នាំ​ពី​របៀប​ដាំ និង​ថែទាំ​ដំណាំ​កសិកម្ម របស់គាត់​ដែរ​។​
​សូមបញ្ជាក់ថា​៖ នៅក្នុង​ខេត្ត​ប៉ៃលិន មិនទាន់មាន​ក្រុមហ៊ុន​ទទួល​ទិញ​ផ្លែ​ស្រកានាគ​នៅ ឡើយ ទេ ដោយសារតែ​កសិករ​ទើប​និង​ចាប់ផ្តើម​ដាំ​បន្តិចបន្តួច នៅ​របង​ផ្ទះ និង​ចំការ​មាន​ចំនួន​តិចតួច ប៉ុណ្ណោះ ៕​