ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយប៉ូលីសអន្តរជាតិ (Interpool) របស់ថៃ បើកប្រតិបត្តិការរួមគ្នា ឈានទៅចាប់ខ្លួនជនជាតិថៃពីរនាក់ ដែលបានសម្លាប់ស្ត្រីម្នាក់ជាជនជាតិថៃដូចគ្នាប្លន់យកទ្រព្យសម្បត្តិ នៅក្នុងប្រទេសថៃហើយរត់មកសំងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាជាងមួយខែមកហើយ។
យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ជនជាតិថៃដែលចាប់ខ្លួនបានចំនួន២នាក់នេះ រួមមានទី១ ឈ្មោះ អាស សីហា ហៅកូ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ អានុ វ៉ាត់ ហៅចឹក អាយុ៣២ឆ្នាំ។ប្រភពដដែលបានបន្តទៀតថា
ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួននៅផ្ទះជួលក្នុង ភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចចម្រុះ បានដកហូតបានម៉ូតូចំនួន២គ្រឿងផងដែរ។
បើតាមប្រភពមួយទៀតបាននិយាយអោយដឹងថាបានជាកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនបុរសជាជនជាតិថៃទាំង០២នាក់នេះ ដោយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បុរសខាងលើបានធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីម្នាក់ជាជនជាតិថៃដូចគ្នាយកទ្រព្យសម្បត្តិ និងជាអ្នកជំនួញធំប្រចាំប្រទេសថៃ មានឈ្មោះ ហៃស៊ូឈើរី អាយុជាង៥០ឆ្នាំហើយ ក្រុមជនសង្ស័យបានរត់គេចខ្លួនចូលមកសង្ងំលាក់ខ្លួនក្នុងភូមិ ឃុំ ស្រុក ខាងលើ។បន្ទាប់ពីធ្វើការស្រាយជ្រាវយ៉ាងយកចិត្តទុកដាក់នោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបានហើយ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនបន្តទៅប៉ូលីសថៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕