ប៉ោយប៉ែត ៖ ប៉ុន្មានថ្ងៃចុងក្រោយ ក្នុងខែសីហា ឆ្នាំ២០១៨នេះ ករណីត្រាក្លែងក្លាយលើលិខិតឆ្លងដែនត្រូវបាននគរបាលអន្តោប្រវេសន៌ថៃប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់បានជាបន្តបន្ទាប់ ប៉ុន្តែខាងកម្ពុជាហាក់ស្ងាត់ស្ងៀមដូចគ្មានអ្វីកើតឡើងសោះ ខណៈ អ្នករងគ្រោះគឺជាពលករខ្មែរពិតជាមហាសែនឆ្ងល់។
យោងតាមព័ត៌មានពីប្រទេសថៃ បានផ្សាយកាលពីពេលថ្មីៗថា បុរសម្នាក់ឈ្មោះ ហ៊ា សេង អាយុ៤១ឆ្នាំ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន ដោយចោទកាន់លិខិតឆ្លងដែនប្រើប្រាស់ត្រាក្លែងក្លាយចំនួន១២ក្បាល ក្នុងចំណោមលិខិតឆ្លងដែន៣២ក្បាល កាលពីថ្ងៃទី26 សីហា 2018 នៅច្រកទ្វារអន្តរជាតិខ្លងលឹកក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។ ដោយឡែកស្ត្រីម្នាក់ឈ្មោះ អុន ស្រីនាង អាយុ22ឆ្នាំ ជាពលការនីធ្វើការសំណង់នៅខេត្តនគររាជសីមាប្រទេសថៃ និងមានទីលំនៅភូមិ(ក)ឃុំ និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនដូចគ្នាកាលពីវេលាម៉ោង 12ថ្ងៃត្រង់ ថ្ងៃទី27 សីហា 2018 ដោយចោទថា នាងប្រើប្រាស់ត្រាក្លែងក្លាយលើលិខិតឆ្លងដែន។
បុរស ឈ្មោះ ឡុង សំឡូ អាយុ27ឆ្នាំ ប្តីស្ត្រីរងគ្រោះ បានប្រាប់តាមទូរស័ព្ទថា ប្រពន្ធគាត់ត្រូវសមត្ថកិច្ចថៃ នៅច្រកទ្វារអន្តរជាតិខ្លងលឹក ឃាត់ខ្លួនដោយចោទថាកាន់លិខិតឆ្លងដែនប្រើប្រាស់ត្រាក្លែងក្លាយ។ បុរសខាងលើបន្តថា ការពិតគាត់និងប្រពន្ធមិនដឹងរឿងអ្វីឡើយកន្លងមកមានលិខិតឆ្លងដែនវីសា 2ឆ្នាំ ទាំងប្តីទាំងប្រពន្ធ ធ្វើការជាកម្មករសំណង់នៅខេត្តនគររាជសីមាលុះប្តូរការងារថ្មី ថៅកែ(ថ្មី)ឲ្យយកលិខិតឆ្លងដែនឲ្យគេ និងដើររឿងវាយបិទវីសាចាស់ ហើយតវីសាថ្មីឲ្យ។ បុរសរូបនេះបន្តទៀតថា ក្រោយថៅកែថ្មី យកលិខិតឆ្លងដែនគេឲ្យគាត់ និងប្រពន្ធត្រឡប់មកកម្ពុជាវិញដើម្បីទទួលលិខិតឆ្លងដែនតវីសាថ្មី ដែលគេទាក់ទងឲ្យក្រុមហ៊ុនមួយរត់ការឲ្យ។ គាត់ថា កាលពីថ្ងៃទី27 សីហា 2018 អ្នករត់ការគេទូរស័ព្ទឲ្យឡើងទៅថៃវិញ ហើយប្រាប់ថា លិខិតឆ្លងដែនតវីសារួចហើយលុះប្រពន្ធគាត់ដើរចូលដល់ទីតាំងត្រួតពិនិត្យឯកសារឆ្លងដែននៅច្រកទ្វារអន្តរជាតិខ្លងលឹក ស្រាប់តែត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួនតែម្តង។ សូម្បីតែលិខិតឆ្លងដែនរបស់គាត់ក៌ត្រូវប្រពន្ធទូរស័ព្ទប្រាប់ថា ជាលិខិតឆ្លងដែនមានត្រាក្លែងក្លាយដូចគ្នា ទើបគាត់មិនហ៊ានចូលទៅប្រទេសថៃ ដើម្បីបន្តការងារបាន។
បុរសខាងលើអះអាងថា ពួកគាត់ជាគ្រួសារក្រីក្រហើយមិនបានដឹងរឿងអ្វីទាំងអស់ ហេតុអីមានអ្នកវាយឯកសារក្លែងក្លាយឲ្យពួកគាត់គ្មានអ្នកទទួលខុសត្រូវបែបនេះ។ ករណីខាងលើបានកើតមាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លងលឹក ជាញឹកញាប់ ចុះហេតុអ្វីសមត្ថកិច្ចកម្ពុជាទប់ស្កាត់មិនបាន ហើយមិនដឹងបែរជាសមត្ថកិច្ចថៃ ចាប់បានរហូតទៅវិញ។
ករណីខាងលើនេះ លោក សេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន៌ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់ព័ត៌មាន ក្នុងស្រុកមួយថា មិនបានដឹងរឿងរ៉ាវខាងលើនេះទេ។គេឆ្ងល់ថា ពលរដ្ឋមុនឆ្លងដែនចូលទៅដីថៃ ត្រូវបំពេញបែបបទ និងប្រថាប់ត្រាចេញ (Departure Pass)នៅខាងកម្ពុជា ជាមុនហេតុអីសមត្ថកិច្ចកម្ពុជាបែរជានាំគ្នាធ្វើមិនដឹងបែបនេះ ឬមួយនៅក្រុងប៉ោយប៉ែត មានទីតាំងប្រថាប់ត្រាក្លែងក្លាយសមត្ថកិច្ចមិនដឹង?។
បញ្ហានេះបើក្រសួងពាក់ព័ន្ធមិនស្រាវជ្រាវរកការពិត និងបកស្បែកមុខជនខិលខូចទេ នឹងមានពលកររងគ្រោះជាបន្តបន្ទាប់ទៀតជាក់ជាមិនខានឡើយ៕