ព្រៃវែង ៖ ស្ថានភាពទឹកទន្លេមេគង្គ ខេត្តព្រៃវែង បានបន្ដហក់ឡើងជាលំដាប់ ធ្វើឲ្យកម្រិតទឹកទន្លេ មេគង្គ-អ្នកលឿង មានកម្ពស់៧,៤៨ម៉ែត្រ ខណៈកម្រិតទឹកដែលត្រូវប្រកាសអាសន្នត្រឹមកម្ពស់ ៧,៥០ម៉ែត្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្ដ ព្រៃវែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្ដ ព្រៃវែង បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់កំពុងកើនឡើង ដល់កម្រិតកម្ពស់ដែលបង្កគ្រោះ ថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ជាពិសេសប្រជាពលរដ្ឋនៅតាមដងទន្លេ និងមាត់ព្រែក។
ក្នុងសេចក្ដីជូនដំណឹងដដែល ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែក ទាំង អស់ក្នុងមូលដ្ឋាន ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តនូវផែនការត្រៀមបម្រុងសម្រាប់ ឆ្លើយតបគ្រោះអាសន្ន ដោយចាត់កម្លាំងសរុប និងមធ្យោបាយសម្រាប់អន្ដរាគមន៍សង្គ្រោះ ប្រជា ពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីដែលទឹកជំនន់អាចបន្ហក់ឡើងយាយីដល់ប្រជាពលរដ្ឋ៕