ភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគនយោបាយសង្គម និងកូនស្រីរបស់លោកម្នាក់អាយុ៦ឆ្នាំ បានភៀសខ្លួនចេញទៅក្រៅប្រទេសហើយ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។ នេះបើតាមប្រភពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលគួរឲ្យទុកចិត្តបាន។
ព័ត៌មាននៃការភៀសខ្លួននេះ បានកើតឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋ មន្ត្រី បានជំរុញឲ្យមេធាវីនៃគណបក្សប្រជាជនកម្ពុជា បន្តនីតិវិធីដើម្បីទារសំណងពីលោក គឹម សុខ តាមការបង្គាប់របស់តុលាការចំនួន៨០០លានរៀល។ ទំនងដោយសារហេតុផលនេះ ទើបលោក គឹម សុខ បានសម្រេចចិត្តធ្ចើការភៀសខ្លួនបែបនេះ។
ជាមួយគ្នានេះ លេខទូរស័ព្ទរបស់លោក គឹម សុខ មិនអាចទាក់ទងបានទៀតទេ នៅថ្ងៃទី០២ ខែកញ្ញា នេះ ខណៈដែលសារព័ត៌មានអនឡាញមួយចំនួន បានអះអាងថា លោក គឹម សុខ និងកូនស្រីអាយុ៦ឆ្នាំម្នាក់ បានភៀសខ្លួនទៅដល់កន្លែងមានសុវត្ថិភាព នៅក្រៅប្រទេសបាត់ទៅ ហើយ។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្នកដែលត្រូវបានលើកលែងទោស សំណងមិនតម្រូវឲ្យសងនោះទេ។ ផ្ទុយទៅវិញអ្នករួចទោសដោយសាសាលក្រមផុតរលត់ ត្រូវតែសងលុយជំពាក់គេ។ អ៊ីចឹង អ្នកដែលរួចទោសបែបនេះ គណបក្សប្រជាជនត្រូវគេជំពាក់លុយ ៨០០លានរៀល។ អ៊ីចឹងត្រូវរកលុយសង បើមិនសងទេអ្នកឯងប្រហែលជាត្រូវចូលគុកវិញ»។
តាមការកត់សម្គាល់ ការព្រមានពីសម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងខណៈលោក គឹម សុខ ចេញពីគុកភ្លាមៗ លោកហាក់មិនបន្ថយការរិះគន់ទៅលើរដ្ឋាភិបាលនោះទេ លោកនៅតែនិយាយបែបបញ្ឆិតបញ្ឆៀង ទៅលើរាជរដ្ឋាភិបាល រួមទាំងការរិះគន់លើតួលេខនៃចំនួនអ្នកចេញទៅបោះឆ្នោតផងដែរ។
គួររំលឹកថា លោក គឹម សុខ ត្រូវបានតុលាការរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ក្រោយពីលោកជាប់ពន្ធនាគារអស់រយៈពេល១៨ខែ គ្រប់អាជ្ញាយុកាលតាមកំណត់ច្បាប់ ក្នុងសំណុំ រឿងដែលលោក គឺម សុខ ចោទថា «គណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី»៕