ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋខេត្តកណ្តាលមួយចំនួនបានលើកឡើងថា ការដែលមន្ត្រីមន្ទីររៀបចំដែនដីនគររូបណីកម្ម សុរិយោដី និងសំណង់បានចុះបំពេញភារកិច្ចជូនប្រជាពលរដ្ឋអំពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនោះ គឺជាសកម្មភាពដ៏ល្អបំផុតក្នុងការកាត់បន្ថយនូវជម្លោះដីធ្លីរវាងអ្នកមានព្រំប្រទល់ដីជាប់គ្នា ។ ប៉ុន្តែក៏ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយំមិនចេញផងដែរ ដោយសារតែមន្ត្រីថ្នាក់ក្រោមមិនបានអនុវត្តការងារឲ្យបានច្បាស់លាស់គោរពតាមច្បាប់ភូមិបាលក្នុងការចុះវាស់វែង និងបានបាញ់កំណត់ព្រំប្រទល់ដីធ្លីជូនប្រជាពលរដ្ឋ។
កត្តានេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបានរិះគន់មន្ត្រីជំនាញដោយលើកឡើងថា ការចុះវាស់វែងធ្វើ ទៅតាមការចង្អុលបង្ហាញរបស់អ្នកមានលុយមានអំណាច គឺពុំបានឲ្យអាជ្ញាភូមិ ឃុំទៅចង្អុលបង្ហាញក្បាល ដីនីមួយៗនិងប្រាប់ម្ចាស់ក្បាលដីនៅក្នុងភូមិ ឃុំមកពិនិត្យឲ្យបានល្អិតល្អន់គ្រប់ក្បាលដីនោះទេ ។
ការបាញ់កំណត់ព្រំទៅតាមការចង្អុលបង្ហាញពីភាគីម្ចាស់ដីម្ខាងដោយមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំនិងម្ចាស់ដីនៅជាប់ព្រំប្រទល់បែបនេះ គឺបានធ្វើឲ្យប៉ះពាល់នូវជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារការបាត់បង់ដីលំនៅឋានក៏ដូចដីស្រែចំការ ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបានកាត់បន្ថយនូវទំនាស់ដីធ្លី និងបានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំងដោយសារអាជ្ញាធរនិងមន្ត្រីជំនាញធ្វើប្រគល់ប័ណ្ណកម្មសិទ្ធិមិនអស់លុយ តែក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនបានរងទឹកភ្នែកដោយសារបាត់បង់ដីធ្លីដោយមិនដឹងពីការបិតផ្សាយនៃការចុះបញ្ជីដីធ្លីនេះផងដែរ ។ ជាក់ស្តែងប្រជាពលរដ្ឋនៅឃុំរកាខ្ពស់ ស្រុកស្អាង ចំនួន៥គ្រួសារ បានរងគ្រោះដោយជួបប្រទះនូវបញ្ហាបែបនេះ ដោយមិនអាចមានលទ្ធភាពប្តឹងតវ៉ា ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទាំង៥គ្រួសារ មន្ត្រីយោធាតូចតាចក្រីក្រម្នាក់ឈ្មោះ ហ៊ង ហឿន បច្ចុប្បន្នរស់នៅក្នុងផ្ទះជួលឯក្រុងតាខ្មៅ បានចេញមុខតវ៉ាតាមរយៈស្នើសុំឲ្យសារព័ត៌មានក្នុងស្រុកធ្វើការចុះផ្សាយពីភាពទាល់ច្រករបស់លោក ដោយសារដីលំនៅឋានមួយកន្លែង ដែលមានទទឹងជាង ២០ម៉ែត្រ ជាប់ផ្លូវលេខ២១ និងបណ្តោយជាង ៥០ម៉ែត្រ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ការតវ៉ានេះដោយសារមន្ត្រីសុរិយោដីខេត្តកណ្តាលបានវាស់វែងធ្វើបណ្ណឲ្យម្ចាស់ដីម្នាក់ផ្សេងទៀតឈ្មោះ ហៀវ លន់ ដោយជាន់លើដីរបស់លោក ។ នេះបើតាមការអះអាងរបស់មន្រីយោធាខាងលើនេះ ។
លោក ហ៊ង ហឿន ជាម្ចាស់ដីនោះ បាននិយាយប្រាប់ទាំងទឹកថា ក្រោយពីគាត់ដឹងថា ដីគាត់ត្រូវបានជំនាញ់គេបាញ់រំលោភទៅតាមការចង្អុលបង្ហាញរបស់ភាគីលោកជំទាវ ហៀវ លន់ ហើយនោះ គាត់បានទៅជួបមន្ត្រីសុរយោដីខេត្តកណ្តាល ដោយកាន់ទាំងឯកសារដើមទាំងស្រុងដើម្បីធ្វើការតវ៉ា បែរជាមន្ត្រីសុរិយោដីប្រាប់គាត់ថា អង្ករក្លាយទៅជាបាយហើយ កាលពីគេបិតប្រកាសម្ត៉េចមិនធ្វើការតវ៉ា ទុករហូតដល់គេចេញប័ណ្ណទៅឲ្យឈ្មោះ ហៀវ លន់ បាត់ទៅហើយ មន្ទីរបានចេញបណ្ណនេះធ្វើទៅតាមការចង្អុលបង្ហាញរបស់ភាគីម្ចាស់ដីតែប៉ុណ្ណោះ ។
លោកបានបន្តថា លោកមិនដឹងគេបិទប្រកាស ឬចុះវាស់វែងនោះទេ ដោយសារលោកមានជំងឺប្រចាំកាយហើយសម្រាកព្យាបាល ។ មន្ត្រីសុរិយោដីបានលើកឡើងថា ការកំណត់ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាផ្លូវច្បាប់មិនអាចតវ៉ា ឬសើរើបានក្រោយចេញបណ្ណរួចបែបនេះ ។ អាជ្ញាធរគួរធ្វើការស្រាវជ្រាវ ឬផ្សព្វផ្សាយពីឈ្មោះក្បាលដី ត្រូវចេញនៅក្នុងភូមិ ឃុំតាមទូរស័ព្ទ ឬសារព័ត៌មាន ឬឲ្យអាជ្ញាធរភូមិ ទៅជម្រាបប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប ។
ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ង ហឿន បានបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីជំនាញមិនបានធ្វើបែបនេះទេ បើសិនជាអាជ្ញាធរ និង មន្ត្រីជំនាញបានជម្រាបលោកដល់ផ្ទះដូចការបកស្រាយរបស់មន្ត្រីសុរិយោដីខាងលើ ម្ល៉េះសមក្រុមគ្រួសាររបស់លោកនិងប្រជាពលរដ្ឋចំនួន ៥ គ្រួសារទៀតបានដឹងមិនខាន មិនមែនមិនធ្វើការតវ៉ាដោយទុកឲ្យបាត់បង់ដីរបស់ខ្លួនដូច្នេះនោះទេ ។
លោកបានបន្តថា បច្ចុប្បន្ននេះលោកចាស់ហើយជិតដល់អាយុត្រូវចូលនិវត្តន៍ទៀត មិនតែប៉ុណ្ណោះថែមទាំងមានជំងឺប្រចាំកាយធ្ងន់ធ្ងរសង្ឃឹមលើដីមួយកន្លែងនេះចង់លក់ដើម្បីយកលុយមកព្យាបាលជម្ងឺ ប៉ុន្តែឥឡូវត្រូវមន្ត្រីសុរិយោដីវាស់វែងជាន់រំលោភចេញប័ណ្ណឲ្យទៅលោកស្រី ហៀវ លន់ហើយនោះ ។
ដោយសារតែលោកជាមន្ត្រីយោធាតូចតាចក្រីក្រមិនមានលទ្ធភាពប្តឹងតវ៉ាបាន ទើបលោកសម្រេចចិត្តតវ៉ាតាមរយៈសុំឲ្យសារព័ត៌មានក្នុងស្រុកចុះផ្សាយដោយសំណូមពរសុំថ្នាក់លើពិសេសសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ។ ប៉ុន្តែក្រោយពីសារព័ត៌មានបានផ្សាយមកមន្ទីរដែនដីនគរូបនីយកម្ម សុរិយោដី និងសំណង់ ខេត្តកណ្តាលបានចេញលិខិតមួយលេខ១៣១៧ដនសស.កណ ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ ដោយលោក លឹម ចាន់សុភី ប្រធានមន្ទីរដែនដីនគរូបនីកម្ម សុរិយោដី និង សំណង់ខេត្តកណ្តាល ដើម្បីបំភ្លឺទៅក្រសួង ។ បើតាមខ្លឹមសារនៅក្នុងលិខិតនោះហាក់និយាយលំអៀងទៅខាងលោកស្រី ហៀវ លន់ ហើយបានសង្កត់ធ្ងន់ទំលាក់កំហុសមកលើប្រជាពលរដ្ឋរងគ្រោះទាំងមិនដឹងអ្វីទាល់តែសោះ ។
មិនតែប៉ុណ្ណោះថែមទាំងនិយាយមួលបង្កាច់ដោយចោទប្រកាន់ថា ឈ្មោះ ហ៊ង ហឿន ទើបតែបោះបង្គោលព្រំដីនៅឆ្នាំ ២០១៨ នេះក្នុងរយៈពេល៤ទៅ៥ខែមុន ។ ការនិយាយនេះលោក លឹម ចាន់សុភី បានលើកឡើងថា លោក ហ៊ង ហឿន និង ប្រជាពលរដ្ឋទាំង ៥ គ្រួសារទៀតតាមការពិនិត្យជាក់ស្តែង និង សាកសួរពីលោកមេឃុំបញ្ជាក់ថា ដីរបស់គាត់គឺបោះបង្គោលកាន់កាប់ស្ថិតនៅលើដីចំណីផ្លូវនិងប្រឡាយប្រហែល ៤ទៅ៥ខែមុននេះក្នុងឆ្នាំ២០១៨ ។
ការនិយាយនេះ លោក ហ៊ង ហឿន និងប្រជាពលរដ្ឋ៥គ្រួសារកាន់តែខឹងសម្បារយ៉ាងខ្លាំងនិងធ្វើការច្រានចោលចំពោះខ្លឹមសារនៅក្នុងលិខិតនោះ ដោយពួកគាត់លើកឡើងថា ដីរបស់គាត់បានទិញនិងបានកាន់កាប់តាំងពីឆ្នាំ១៩៩៦ ដែលបានទទួលស្គាល់ពីអាជ្ញាធរភូមិឃុំត្រឹមត្រូវនិងមានបង្គោលព្រំចាស់តាំងពីឆ្នាំ១៩៩៦ផងដែរ ប៉ុន្តែត្រូវបានបុគ្គលម្នាក់ឈ្មោះ សែម រី បានដកនិងកម្ទេចចោលក្នុងអំឡុងប៉ុន្មានខែមុននេះ ។
ករណីនេះ លោក ហ៊ង ហឿន ក៏បានប្តឹងទៅអាជ្ញាធរឃុំកោះហៅបុគ្គលរូបនេះមកធ្វើកិច្ចសន្យាផងដែរ ។ ចំណែកលោក ឈឿង ឆូ មេឃុំរកាខ្ពស់ក៏បានបដិសេធន៍និងធ្វើការច្រានចោលផងដែរចំពោះការលើកឡើងរបស់លោក លឹម ចាន់សុភី ត្រង់ចំណុចនេះ ។ លោក ឈឿង ឆូ និយាយថា លោកមិនបាននិយាយបញ្ជាក់បែបនេះទេ ការនិយាយនេះគឺបានមួលបង្កាច់លោកទាំងស្រុង មិនតែប៉ុណ្ណោះគឺថែមទាំងធ្វើឲ្យប្រជាពលរដ្ឋរបស់លោកមានការថ្នាំងថ្នាក់ជាមួយលោកថែមទៀត ។ លោក ឈឿង ឆូ បានស្នើសុំឲ្យមន្ទីរដែនដីពិសេសលោក លឹម ចាន់សុភី គួរកែសម្រួលខ្លឹមសារត្រង់ចំណុចនេះឡើងវិញ ជៀសវាងមានទំនាស់ជាមួយប្រជាពលរដ្ឋ ៕