ឧទ្ធម្ភាគចក្រ​ឯកជន​មួយគ្រឿងចុះចត​ជាបន្ទាន់​នៅ​ស្រុក​សំរោង​ទង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2018 ក+ ក-

​កំពង់ស្ពឺ ៖ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​ជនបរទេស មិន​ស្គាល់ឈ្មោះ បាន​បង្ខំ​ចុះចត​ដែល​ទំនងជា​ដោយសារតែ​អាកាសធាតុ​ដ៏​អាក្រក់​មួយ កាលពី​ល្ងាច​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ទឹក​បឹង​ស្រែ​ស្រូវ ក្នុងភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​ប្រជាពលរដ្ឋ​នៅ​កន្លែង​នោះ បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅ ប្រចាំខេត្ត​កំពង់ស្ពឺ អោយដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ឧទ្ធម្ភាគចក្រ​បង្ខំ​ចុះចត​យ៉ាង​ដូច្នេះ សង្ស័យ​មាន​បញ្ហា​ជួប​ព្យុះ និង​ភ្លៀង​យ៉ាងខ្លាំង​ក្នុងពេល​ហោះហើរ ឬ​មាន​បញ្ហា​ផ្នែក​បច្ចេកទេស​។​

​ប្រភព​ដដែល​បាន​បន្តថា នៅមុន​ពេល​ចុះចត ឧទ្ធម្ភាគចក្រ​នេះ ហាក់​បើក​ឃ្លីងឃ្លោង​ពេល​ហោះហើរ លើ​តំបន់​បឹង​អូរ​ក្រាំង​អំបិល ដោយ​ស្របពេលនោះ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​ស្ទើរ​មិនអាច​មើលគ្នា​ឃើញ​។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​រាយ​ការ​តាម​ទូរស័ព្ទ ទៅ​សមត្ថកិច្ច​ឲ្យ​តាមមើល​អំពី​ការវិវឌ្ឍ នៃ​ដ​ណើ​រ​ការហោះហើរ​របស់​ឧទ្ធម្ភាគចក្រ​នេះ ដោយ​ក្តី​បារ​ម្មណ៍ និង​បន្ត​តាមដាន​ថែមទៀត រហូតដល់​ពេលដែល ឧទ្ធម្ភាគចក្រ​នេះ បាន​ចុះចត​ដោយ​បង្ខំ​ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​។​

​ចំពោះ​រូបភាព​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​ចុះចត​នោះ យើង​មិនដឹងថា អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​នោះ​មានឈ្មោះ​អ្វី និង​ជា​ជនជាតិ​អ្វី​នៅឡើយ​ទេ ។ នៅ ក្រោយពេល​ស្ថានភាព​អាកាសធាតុ​បាន​ធូរស្រាល បន្តិច​ក៏​ហោះ​ឡើង​ទៅវិញ​បាត់ទៅ ដោយ​គ្រាន់តែ​ដឹងថា ជា​បរទេស​តែម្នាក់ឯង​ប៉ុណ្ណោះ​។​

បើតាម​ប្រភពពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​អោយដឹងថា ការ​ចុះចត​នេះ ដោយសារតែ​ជនបរទេស​រូបនោះ​ឃើញ​ស្រូវ​ល្អ​ពេក ក៏​ចុះមក​ពិនិត្យមើល​នោះទេ រួច​ហើយក៏​ហោះហើរ​ទៅវិញ​បាត់ទៅ​៕