ផ្តើម​ពី​ក្រដាស​សរសេរ​ដៃ​មួយ​សន្លឹក តុលាការ​​បានរឹបអូស​ដី ផ្ទះ ពលរដ្ឋ​៦​គ្រួសារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2018 ក+ ក-

​ខេត្តកណ្តាល ៖ សាលាដំបូង​ខេត្តកណ្តាល​បានចេញ​សាលក្រម​រដ្ឋប្បវេណី​លេខ ៥៦ ជជ ចុះ​ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ ដោយ​លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៦ គ្រួសារ​ចាញ់ក្តី​ក្រោម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ាន់ មន ភេទ​ស្រី អាយុ ៥៧ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។ ប្រជាពលរដ្ឋ​ទាំង ៦ គ្រួ​សារបាន​លើកឡើងថា សាលក្រម​នេះ​មិន​យុត្តិធម៌​ទេ ពួកគាត់​នឹង​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍ ។

​ប្រជាពលរដ្ឋ​បន្តថា ពួកគាត់​មិនដែល​មានទំនាស់​ជាមួយ​ឈ្មោះ ម៉ាន់ មន ទេ កាលដើមឡើយ ម៉ាន់ មន តែងតែ​ចេញចូល​ផ្ទះសម្បែង​និង​និយាយ​លេងសើច​ជាមួយ​ពួកគាត់ ហើយ​កាលដែល​ពួកគាត់​សាងសង់​ផ្ទះសម្បែង​តាំងពី​ឆ្នាំ ២០០៥ ក៏​ឈ្មោះ ម៉ាន់ មន សូម្បីតែ​អាជ្ញាធរ​មិនដែល​មកឃាត់​ដែរ ។

ទើបតែ​ក្នុង​ឆ្នាំ ២០១៨ នេះ​ស្រាប់តែ​ឈ្មោះ ម៉ាន់ មន ចេញមុខ​ប្តឹង​ពួកគាត់​តែម្តង ដោយ​សំអាង​លើ​ឯកសារ​សរសេរ​ដោយ​ដៃ​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​មួយ​សន្លឹក ដែល​សរសេរ​បញ្ជាក់ថា ប្រគល់​ដី​របស់​ក្រុមហ៊ុន​ទំហំ​ទទឹង​ជាប់​ផ្លូវ ៧៦ ម៉ែត្រ ជម្រៅ ២០ ម៉ែត្រ ។ ប៉ុន្តែ​ឈ្មោះ ម៉ាន់ មន អត់​ដឹង​ក្បាលដី​របស់ខ្លួន​ដែល​ក្រុមហ៊ុន​ប្រគល់​ឲ្យ​មាន​ប៉ុន្មាន​ផង​ណឹ​ង ។

​ប្រជាពលរដ្ឋ​បញ្ជាក់ថា ក្បាលដី​ពួកគាត់​ទាំង​៦ គ្រួសារ សរុប​មានតែ​ជា ៥០ ម៉ែត្រ​ប៉ុណ្ណោះ ក្រៅពីនេះ​ដី​ប្រជាពលរដ្ឋ​ផ្សេងទៀត​សុទ្ធ​តែមាន​ប្លង់រឹង​ទាំងអស់ ។ ម្ចាស់​ដី​មិនដឹង​ក្បាលដី​របស់ខ្លួន​មាន​ប៉ុន្មាន​ម៉ែត្រ​ផង ហើយ​សំអាង​តែ​លិខិត​សរសេរ​ដោយ​ដៃ​មួយ​សន្លឹក​របស់​ក្រុមហ៊ុន​ថា​ក្រុមហ៊ុន​ប្រគល់​ដី​ឲ្យ ចំណែក​ពួកគាត់​មាន​ឯកសារ​ទិញ​លក់​ដែលមាន​លោក​ប្រធានភូមិ​ទទួល​ដឹងឮ​ថែមទៀត ។

​ប្រជាពលរដ្ឋ​បញ្ជាក់​បន្ថែមថា ឯកសារ​ដីធ្លី​របស់​ពួកគាត់​មូលហេតុ​ដែល​មិនមាន​ការទទួលស្គាល់​ពី​មេឃុំ​ដោយសារ​កាលណោះ​ជីវភាព​ក្រលំបាក​មិនមាន​លទ្ធភាព​រត់ការ​ស៊ី​ញ៉េ​ទទួលស្គាល់​ពី​មេឃុំ​បានទេ ។

​ដោយឡែក​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែលមាន​ក្បាលដី​ជាប់ៗ​គ្នា​គេ​មានលទ្ធភាព​ដី​របស់គេ​ឃុំ​បាន​ស៊ី​ញ៉េ​ទទួលស្គាល់ ហើយ​ធ្វើ​ប្លង់រឹង​បាន​ទៀត ។ អ្នក​ដែលមាន​ប្លង់រឹង​ក្រុមហ៊ុន​មិន​ហ៊ាន​រករឿង​ប្តឹងផ្តល់​ទេ ក្រុមហ៊ុន​ប្តឹង​តែ​ប្រជាពលរដ្ឋ​ណា​មាន​ដី​គ្មាន​ឯកសារ​និង​មាន​ឯកសារ​ត្រឹម​ស៊ី​ញ៉េ​ទទួលស្គាល់​ពី​មេភូមិ​ដូច​ពួកគាត់​និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​។​

​ទោះជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​នៅតែ​មិន​អស់ចិត្ត​ដោយ​យល់ឃើញថា តុលាការ​ខេត្តកណ្តាល​ចេញ​សាលក្រម​ឲ្យ​ពួកគាត់​ចាញ់ក្តី​ទាំង​អយុត្តិធម៌ ដូច្នេះហើយ​ទើប​ពួកគាត់​សម្រេចចិត្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍ និង ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ខណៈ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​មានតែ​សម្បក​ផ្ទះ​និង​ដី​លំនៅឋាន​តែមួយ​កន្លែង​ដែល​ពួកគាត់​បាន​ទិញ​ពី​គេ​តៗ​គ្នា ។ បើសិន​ចាញ់ក្តី​ហើយ​ត្រូវ​តុលាការ​រឹបអូស​យក​ទៀត​នោះ​តើ​ពួកគាត់​សង្ឃឹម​អី​ទៀត ។

សម្តេច​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដាច់បាយ​ស្លាប់​ទេ ប៉ុន្តែ​អ្នកមានអំណាច អ្នកមាន​លុយ​អាចធ្វើ​ឲ្យ​ពួកគាត់​ដាច់បាយ​រហូតដល់​ស្លាប់ ៕