លោក ឌី រ័ត្ន​ខេ​ម​រុណ ៖ នគរបាល ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​ដើម្បី​ថែរក្សា​សន្តិសុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2018 ក+ ក-

​ភ្នំពេញ ៖​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ថ្លែងថា មន្ត្រីនគរបាល​គឺជា​កម្លាំង​ស្នូល​ដ៏​រឹងមាំ ដែលមាន​កាតព្វកិច្ច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ការពារ សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​រស់នៅ​ប្រកបដោយ​ភាព​សុ​ខុ​ដុមរ​មនា ។​

​លោក​ឌី រ័ត្ន​ខេ​ម​រុណ ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ក្នុង​ពិធី​ចែក​អំណោយ​ជា​មួកសុវត្ថិភាព​របស់​ក​ង​កម្លាំង ក៏ដូចជា​ថវិការ​មួយចំនួន​ចែកជូន​ដល់​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​យកទៅ​ប្រើប្រាស់ នៅ​ថ្ងៃមុខ​បន្ត ក្នុងទិសដៅ​សំដៅ​បម្រើប្រជាជន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ។​

​លោក​អភិបាលរង ឌី រ័ត្ន​ខេ​ម​រុណ លើកឡើងថា មន្ត្រីនគរបាល គឺជា​កម្លាំង​ស្នូល​ដ៏​រឹងមាំ ដែល​កន្លងមក​ពួកគេ​បាន​លះបង់​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ក៏​ជា​ពេលវេលា​ជាច្រើន ក្នុង​ការខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​រក្សា​នូវ​សុខសន្តិភាព​ជូន​បងប្អូន​ពលរដ្ឋ ។

​លើសពីនេះ នគរបាល​ក៏បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​បង្ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ដូចជា​អំពើ​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​មួយចំនួនទៀត​ជាដើម ។​

​លោក​អភិបាលរង បញ្ជាក់ថា ការនាំយក​សម្ភារៈ​ជា​មួក ចែកជូន​បងប្អូន​មន្ត្រីនគរបាល​នៅពេលនេះ គឺជា​ការមើលឃើញ​នូវ​ការខ្វះខាត​ជាក់ស្តែង​របស់​កម្លាំង​នគរបាល ដែល​ពួកគេ​ជា​សេនាធិការ​ដ៏​សំខាន់ របស់​អាជ្ញាធរ​ខណ្ឌ​ទាំងមូល ក្នុង​សកម្មភាព​បម្រើប្រជាជន ហើយ​ការចែកជូន​នៅពេលនេះ គឺជា​សកម្មភាព សបញ្ជាក់​ពី​ការគិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​អភិបាលរងខណ្ឌ មកលើ​មន្ត្រីនគរបាល ដើម្បីឱ្យ​ពួកគាត់​យក​វា​ទៅប្រើ​ប្រាស់​ក្នុងទិសដៅ​បម្រើ​ប្រជារាស្ត្រ​នៅក្នុង​មូលដ្ឋាន​ទៅ​ថ្ងៃ​ខាងមុខ បន្តទៀត ។

​សូមបញ្ជាក់ថា មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ មាន​កម្លាំង​សរុប​២០​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ដោយ​លោក​អភិបាលរង បាន​ឧបត្ថម្ភ​មួកសុវត្ថិភាព​ប៉ូលិស​ចំនួន​២០​មួក ពោលគឺ​ក្នុង​ម្នាក់​ទទួលបាន​មួយ​មួក , អង្គរ​ជារួម​៥​ប៉ាវ ទឹក​សុទ្ធ​ជារួម​១០​កេស និង​ថវិការ​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​ផងដែរ ។​

​ឈ្លៀត​ក្នុងឱកាស​ដដែល​ខាងលើ​នោះ លោក​ឌី រ័ត្ន​ខេ​ម​រុណ បានស្នើ​ដល់​លោកនាយ​ប៉ុស្តិ៍នគរបាល និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​ទាំងអស់ ត្រូវខិតខំ​បន្តសកម្មភាព​របស់ខ្លួន​បន្ថែមទៀត ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ដូចជា​ការធ្វើ​លិខិតស្នាម​ឯកសារ​ផ្សេងៗ​ជូន​ពលរដ្ឋ​មិន​តម្រូវឱ្យ​យក​ថវិកា​។ ប៉ុន្តែ​ក្នុងនោះ​ចំពោះ​ឯកសារ ដែល​ច្បាប់​តម្រូវឱ្យ​យក គឺ​ពុំ​ត្រូវយក​លើស​ចំនួន​ដែល​បានកំណត់​នោះឡើយ ។

​បន្ថែម​ពី​នោះ លោក​អភិបាលរង​ក៏បាន​ស្នើ​ដល់​កម្លាំង​នគរបាល ត្រូវ​ពង្រាយ​កម្លាំង​របស់ខ្លួន ចេញ​ល្បាត​ពួនស្ទាក់​ឱ្យបាន​គ្រប់​ច្រកល្ហក​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ជា​សកម្មភាព​ពញ្ញាក់​អារម្មណ៍​ដល់​ក្រុម​ជនសង្ស័យ​ផ្សេងៗ ដែល​ប៉ង​ប្រព​៧​សកម្មភាព​បទល្មើស​បង្ក​ភាពភ័យខ្លាច​ដល់​ពលរ​ដ្ឋ ដូចជា​អំពើចោរកម្ម លួច ឆក់ ប្លន់ ការ​ចរាចរ​ជួញដូរ​គ្រឿងញៀន ឬ ក្រុម​បងតូច​បងធំ​ជាដើម ។

​លើសពីនេះ លោក​បន្តថា មន្ត្រីនគរបាល ដែល​ទទួល​វេន​ប្រចាំការ​នៅ​ស្នាក់ការ​ប៉ុស្តិ៍ គឺ​ត្រូវ​នៅ​រងចាំ​ទទួល​នូវ​រាល់​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដើម្បី​យកទៅ​ដោះស្រាយ​ជូន​ពួកគាត់ ឬ ត្រូវមាន​វិធានការ​បន្ត ជៀសវៀង​ការមិន​យកចិត្តទុកដាក់​ជាមួយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ នាំឱ្យ​ប្រជាពលរដ្ឋ​កើត​ចិត្ត​ខឹង​ស្អប់ និង​រើសអើង​ទៅលើ​ក្រុម​មន្ត្រីនគរបាល​ថា​មិនបាន​បម្រើ​ពួកគាត់ អោយ​សមស្រប​នឹង​ពាក្យ​ថា មន្ត្រី​មាន​កាតព្វកិច្ច​បម្រើ និង​ដោះស្រាយ​បញ្ហា និង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ៕