ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម័យប្រឡងថ្ងៃទី២០ / ២១ ខែសីហា ឆ្នាំ២០១៨ នេះ សរុប ចំនួន ៧៥.០៥៩នាក់ ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះប្រឡងសរុបចំនួន ១១៥.២៦៨ នាក់ (១១ម៉ឺន ៥ពាន់ ២៦៨នាក់) ស្មើនឹង ៦៦,២១%។
ចំនួននេះច្រើនជាងឆ្នាំ២០១៧ គឺបេក្ខជនជាប់និទ្ទេស A ចំនួន២៩០នាក់, បេក្ខជន និទ្ទេស B ១.៥៣២នាក់, បេក្ខជន និទ្ទេស C ៤.៦៣១នាក់, បេក្ខជន និទ្ទេស D ១៣.៩៩៩នាក់ និងបេក្ខ ជននិទ្ទេស E ចំនួន ៥៤.៦០៧នាក់។
ដោយឡែក បេក្ខជនចំនូន១៧នាក់ ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិដោយសារបានប្រព្រឹត្តខុសឆ្គង ផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ មានដូចជា ៖ ខេត្តស្ទឹងត្រែង១នាក់, ខេត្ត ក្រចេះ ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តកណ្តាល ១នាក់, ខេត្ត រតនគិរី ១នាក់, ខេត្តព្រះសីហនុ ១នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តបន្ទាយមានជ័យ ១នាក់ និង រាជធានី ភ្នំពេញចំនួន៧នាក់ ផងដែរ។
គួរកត់សម្គាលថា បេក្ខជនប្រឡងជាប់បាក់ឌុប នៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំ២០១៧ ប៉ុន្តែចំនួនបេក្ខជនជាប់និទ្ទេស A មានត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ តិចជាងឆ្នាំ២០១៧ ដែលមាន ចំនួន ៤២៤នាក់៕