ភ្នំពេញ ៖ រយៈពេល៨ខែ ឆ្នាំ២០១៨ នេះ ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេស ជាង ៣៤,១៦ ម៉ឺនតោន បានថយចុះ ៨,៩០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានចំនួនជាង ៣៧ម៉ឺនតោន។នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
បើតាមរបាយការណ៍ដដែល បង្ហាញថា តាមរយៈក្រុមហ៊ុនចំនួន៧០ បាននាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចំនួន ៥៩ ក្នុងនោះ ប្រទេសចិននៅតែនាំមុខគេក្នុងការនាំចូលអង្ករពីកម្ពុជា គឺ ប្រមាណជាង ៧,៤ម៉ឺនតោន លំដាប់ទី២ គឺប្រទេសបារាំង ចំនួនជាង ៥,១ម៉ឺនតោន និងទី៣. ប្រទេសម៉ាឡេស៊ី ចំនួនជាង ២,៤ម៉ឺនតោន។
គួរជម្រាបថា ការនាំចេញអង្កររបស់កម្ពុជារយៈពេល ៨ខែ ដើមឆ្នាំនេះ មានចំនួន៨ប្រភេទ ទៅកាន់ទីផ្សារនៅសហភាពអឺរ៉ុប ចំនួន ២៦ ប្រទេស សរុបចំនួនជាង ១៧,៦ម៉ឺនតោន នៅអាស៊ានបួនប្រទេស ចំនួនជាង ៣,៦ម៉ឺនតោន និងប្រទេសផ្សេងទៀតចំនួន ២៩ប្រទេស សរុបចំនួនជាង ១២,៧ម៉ឺនតោន៕