ភ្នំពេញ ៖ នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ តុលាការនៃកម្ពុជាបានសម្រេចដោះលែងលោក កឹម សុខា អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនោះហើយ ៗបានវិលត្រឡប់មកដល់លំនៅឋាន នៅខណ្ឌទួលគោកវិញហើយដែរ ។នេះបើតាមប្រភពដែលស្និទ្ធនឹងកិច្ចការបានបញ្ជាក់ប្រាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ថា តុលាការបានសម្រេចដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយថា “តុលាការបានសម្រេចឲ្យលោក កឹម សុខា នៅក្រៅឃុំ ស្ថិតក្រោមដែនសមត្ថកិច្ចក្រោមការអង្កេតមើល”។
បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា មាជ សុវណ្ណារ៉ា – ព្រហ្មវិហារធម៌ ទសពិធរាជធម៌ បានបញ្ជាក់ថា “ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកប្រធាន កឹម សុខា ត្រូវបានដឹកពីពន្ធនាគារត្រពាំងផ្លុងមកដល់គេហដ្ឋាន របស់គាត់ហើយ”។
ហ្វេសប៊ុកលោក អេង ឆៃអ៊ាង សរសេរថា “តុលាការរបបលោក ហ៊ុន សែន បានយកលោកប្រធាន កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋានរបស់គាត់ហើយ មួយម៉ោងមុននេះ (ប្រហែលម៉ោង៥ព្រឹក ម៉ោងនៅកម្ពុជាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ។ លោកប្រធាន កឹម សុខា នឹងទទួលបានសេរីភាពមកវិញ កំរិតណានោះ មិនទាន់ដឹងឡើយទេ” ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។ «បទសន្ធិដ្ឋិភាពជាមួយបរទេស» ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ ។ កាលណោះ លោក កឹម សុខា ត្រូសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕