ភ្នំពេញ ៖ លោក កឹម សុខា ត្រូវបានដោះលែងជាបណ្តោះអាសន្ន និងបាននាំយកមកដល់គេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកវិញហើយ។ យ៉ាងណាក៏ដោយ ការសម្រេចរបស់ តុលាការបានហ៊ុំព័ទ្ធទៅដោយនីតិវិធីដ៏តឹងរ៉ឹង គឺ «ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។
មានសំណួរជាច្រើនដែលសាធារណជនចោទសួរខ្លួនឯងនៅក្រោយពេលដែលលោក កឹម សុខា ត្រូវបានដោះលែងភ្លាមៗថា តើ លោក កឹម សុខា ត្រូវបានដោះលែងបណ្តោះអាសន្នពីពន្ធនាគារ តែត្រូវឃុំខ្លួននៅក្នុងផ្ទះវិញ ឬ ត្រូវដោះលែងទាំងស្រុង ?
បើយោងតាមដីការបស់ចៅក្រមស៊ើបសួរ លោក គី ឬទ្ធី បានបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែ «ម៣» (ត្រពាំងផ្លុង) ត្រូវដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីទៅរស់នៅមូលដ្ឋានដើមវិញ (គេហដ្ឋានរបស់លោក)។ ភ្លាមៗក្រោយពីការដោះលែងលោក កឹម សុខា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដើម្បីពន្យល់ពីលក្ខខណ្ឌនៃការដោះលែងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ។
សេចក្តីប្រកាសនេះ បានសរសេរពន្យល់ថា ការដោះលែងលោក កឹម សុខា ពីការឃុំខ្លួនក្នុងពន្ធនាគារ ត្រូវបានយោងទៅលើមូលហេតុសុខភាព និងការធានាផ្នែកនីតិវិធីច្បាស់លាស់ដែលថា «ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគនបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ថា”ករណីជនតបរូវចោទកឹម សុខា បាននិងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ដូច្នេះការដោះលែង ឬមិនដោះលែងជនត្រូវចោទ គឺជាឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង មិនមានការលូកដៃពីមជ្ឈដ្ឋានខាងក្រៅណាមួយឡើយ”។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅគេហដ្ឋានទាំងពាក់កណ្តាលអាធ្រាត្រថ្ងសទី២ចូលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ក្រោមបណ្តឹងរបស់រដ្ឋាភិបាលពីបទ សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស) តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ៕