កំពង់ចាម ៖ ធ្លាប់តែឃើញក្នុងរឿងនិទាន ឥឡូវនេះ នៅស្រុកកោះសូទិន មានបុរសម្នាក់ចាប់ឆ្នែ ឆ្នា មាន់ ខាំជញ្ជក់ឈាមទាំងរស់ បង្កឲ្យអ្នកស្រុកភ័យរន្ធត់គ្រប់ៗគ្នា។
ថ្មីៗនេះ មានបុរសម្នាក់បានក្លាយជាមនុស្សបិសាច ដោយបានចាប់ ឆ្កែ ឆ្នា មាន់ហែកខាំស៊ី ហុតឈាមទាំងរស់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៩ ៖ ៣០នាទី នៅភូមិកោះចិន លើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា បុរសខាងលើមានឈ្មោះ រុន រាជ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ប្រភពបានអោយដឹងថា មុនកើត ហេតុគេឃើញ បុរសចំឡែកម្នាក់នេះ បានផឹកស្រាស្រវឹង ហើយមានសកម្មភាពមិនប្រក្រតី (ខុសពីមនុស្សធម្មតា) ហើយដើរទៅចាប់កូនឆ្កែ ៣ក្បាល ហែកខាំ ក ឆ្កែ ស៊ី និងហុតឈាមទាំងរស់ ក្នុងនោះស៊ីអស់ឆ្កែ២ក្បាល រីឯ ០១ក្បាលទៀតខាំស៊ីហែកបំពង់ ក ហុតឈាម(ដាច់ស្បែកសល់តែឆ្អឹង) និងស៊ីគីង្គក់ទាំងរស់ ចំនួន១ក្បាល មិនតែប៉ុណ្ណោះ ថែមទាំងស៊ីកូនឆ្មាទាំងរស់ អស់១ក្បាលទៀត។
ប៉ូលិសបានអោយដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាម លោក វរសេនីយ៍ឯក អ៊ឹម ឃឿន អធិការ នគរបាលស្រុកកោះសូទិន បានចាត់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប សហការជាមួយកម្លាំងប្រជាការពារចុះដល់កន្លែងកើតហេតុ ។
ពេលឃើញសមត្ថកិច្ចភ្លាម ឈ្មោះ រុន រាជ បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចនៅចាំតាមដានសកម្មភាពឈ្មោះ រុន រាជ បន្តទៀត។ លុះម៉ោងប្រហែល ២១ ៖ ១៥នាទី ឈ្មោះ រុន រាជ បានត្រឡប់មកវិញហើយ ឡើងដេកលើផ្ទះបាត់ទៅ កម្លាំងសមត្ថកិច្ច នៅចាំឃ្លាំមើលសកម្មភាពឈ្មោះ រុន រាជ រហូត។ ប៉ូលិសបានបន្តថា នៅថ្ងៃទី ០៩.០៩.២០១៨ វេលាម៉ោង ៨.០០នាទីសមត្ថកិច្ចបានហៅឈ្មោះ រុន រាជ ដើម្បីសាកសួរ តែឈ្មោះ រុន រាជ នៅសំងំលើផ្ទះដោយដាក់កន្លឹះទ្វារផ្ទះជាប់ មិនព្រមចុះមកដីឡើយ កម្លាំងនៅតាមដានបន្តជាប្រចាំ។ នៅវេលាម៉ោង១៤ ក្នុងថ្ងៃដដែល បិសាចជញ្ជក់ឈាមខាងលើបានចុះពីលើផ្ទះ ចាប់មេមាន់ក្រាបពង រួចបិទទ្វារដាក់គន្លឹះ ហើយខាំ ក មាន់បឺតឈាមអស់ រួចទំលាក់មាន់មកដី។ ប៉ូលិសបានបន្តថា នៅម៉ោង ១៥និង៣០នាទី ម្តាយរបស់បុរសចំឡែកខាងលើឈ្មោះ ឆេង អេង អាយុ៤២ឆ្នាំ ដែលលក់ដូរនៅភ្នំពេញបានត្រឡប់មកដល់ផ្ទះ ហៅ រុន រាជ ជាកូនអោយចុះមក តែពេលនោះ រុន រាជ មិនស្គាល់ម្តាយឡើយ។ ប៉ូលិសបន្តថា នៅម៉ោង ១៧និង៣០នាទី ថ្ងៃដដែល ម្តាយរបស់ រុន រាជ បានសំណូមពរដល់សមត្ថកិច្ចជួយចាប់កូន ទោះបីធ្វើយ៉ាងណាក៏ដោយគឺចាប់អោយទាល់តែបាន។
ដោយជិតយប់ផង ខ្លាច រុន រាជ បង្កភាពមហន្តរាយទៀត សមត្ថកិច្ច បានទំលាយទ្វារចាប់ឈ្មោះ រុន រាជ យកធ្វើតេស្តទឹកនោមរកសារជាតិថ្នាំញៀន តែលទ្ធផល គឺពុំមានជាតិថ្នាំញៀនឡើយ ធ្វើអោយប្រជាលពរដ្ឋនៅទីនោះព្រឺក្បាល បះរោមគ្រប់ៗគ្នា សង្សយ័ថា រុន រាជ ត្រូវព្រាយបិសាចចូលសណ្ថិត។
បច្ចុប្បន្ន រុន រាជ ត្រូវអាណាព្យាបាលចាប់ដាក់ច្រវាក់ ហើយរកព្រះសង្ឃ និងគ្រូមន្តអាគមស្រោយទឹកព្យាបាល៕