ខេត្តក្រចេះ ៖ សត្វគោញីឈ្មោលតូចធំចំនួន៩ក្បាល ក្នុងចំណោមជាង៧០ក្បាលរបស់ប្រជាកសិករ រស់នៅនៅខាងក្រោយភូមិវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវរន្ទះបាញ់ប្រកាច់ងាប់ភ្លាមៗ រដូករណែលទាំងខ្សែចំណង ខណៈមេឃមានភ្លៀង និងខ្យល់បក់បោកខ្លាំង កាលពី រសៀលថ្ងៃទី១០ កញ្ញា នេះ។
ក្នុងហេតុការណ៍រន្ទះបាញ់ លាន់លឺកក្រើកដីបន្ទាប់ពីមេឃមានភ្លៀងនិងខ្យល់បក់ខ្លាំង ត្រូវបានអាជ្ញាធរ ស្រុកព្រែកប្រសព្វ អះអាងថា ជាគ្រោះធម្មជាតិមួយបានបណ្តាលឱ្យសត្វគោញីឈ្មោលចំនួន៩ក្បាល ក្នុងចំណោមហ្វូង គោចំនួន៧២ក្បាល ដែលចងក្នុងក្រោលតែមួយនៅខាងក្រោយភូមិវឌ្ឍនៈ ក្នុងស្រុកសំបូរ ងាប់ដួលរដូករណែលនៅក្នុងក្រោល។
នាយប៉ុស្តិ៍នគរបាលឃុំវឌ្ឍនៈ លោក អនុសេនីយ៍ត្រី ញ៉ែម សិដ្ឋ បានឱ្យដឹងថា សត្វគោទាំងនេះមានម្ចាស់ឈ្មោះ យ៉ុន សុខា អាយុ៤៨ឆ្នាំ ជាកូនរបស់លោកមេឃុំ ដែល មានចិញ្ចឹមគោច្រើនជាងគេនៅក្នុងឃុំនេះ។
លោកថា ក្នុងហេតុការឧប្បតិ្តហេតុរន្ទៈបាញ់នេះ ក្រៅពីគោញី ឈ្មោល ចំនួន៩ក្បាល បានងាប់ភ្លាមៗ គឺមិនមានបណ្តាលឱ្យជនណាម្នាក់រងគ្រោះថ្នាក់ទៀតនោះទេ ខណៈដែល គោទាំងនោះ ត្រូវបានម្ចាស់យកទៅចងនៅក្នុងក្រោលនៅក្រោមដើមឈើនៅក្រោយភូមិ។
ការងាប់របស់សត្វគោ ដោយសារតែរន្ទះបាញ់សម្លាប់ដែលអាជ្ញាធរថា មិនធ្លាប់កើត មាននេះ បានធ្វើឱ្យពលរដ្ឋសម្តែង ការសោកស្តាយជាខ្លាំង ខណះដែលសត្វគោ ដែលជាកម្លាំងអូសទាញដ៏ចាំបាច់សម្រាប់ វិស័យកសិកម្ម និងក៏កំពុងមានតម្លៃថ្លៃផងដែរ។
សូមរំលឹកថា កន្លងទៅកាលពីខែសីហា ឆ្នាំ២០១៦ នៅស្រុកសំបូរ ក៏ធ្លាប់មានករណីរន្ទៈបាញ់ សម្លាប់សត្វគោបែបនេះម្តងរួចទៅហើយ។ ដោយកាលណោះមានគោញីឈ្មោលចំនួន ១៤ក្បាលក្នុងចំណោមហ្វូងគោជាងចំនួនជាង៣០ក្បាល របស់ម្ចាស់ឈ្មោះ ម៉ុត ពឿង អាយុ ៥៤ឆ្នាំ រស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ក៏ត្រូវបានរន្ទៈបាញ់សម្លាប់បណ្តាល ឱ្យប្រកាច់ងាប់ទាំងខ្សែចំណង ដូចគ្នា៕