​ថ្ងៃទី​១៥ ខែកញ្ញា នេះ ជា​ទិវា​សម្អាត​អនាម័យ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​ជា​រៀងរាល់ឆ្នាំ ពិភពលោក​បានកំណត់​យក​ថ្ងៃទី​១៥ ខែកញ្ញា រៀបចំ​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ពិភពលោក​ស្អាត​» ខណៈ​នៅ​ប្រទេស​កម្ពុជា សំរាម​នៅ តែ​ជា​ប្រធានបទ​ដ៏​ក្ត​ភ​គគុក ដោយសារ​នៅតែ​ត្រូវបាន​គេ​បោះចោល​ពាសវាល​ពាសកាល​នៅតាម​ទីសាធារណៈ​នានា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។
​ឯ​.​ឧ​. នេត្រ ភ​ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​កាលពី​ថ្ងៃ ព្រហស្បតិ៍​ថា សម្រាប់​ប្រទេស​កម្ពុជា ទិវា​នេះ​នឹងមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ធ្វើ​សកម្មភាព​បោសសម្អាត និង​អនាម័យ នៅតាម​ទីធ្លា​សាធារណៈ ដើម្បី​លើកកម្ពស់​បរិស្ថាន និង​សោភណភាព​ក្នុង​រាជធានី​- ខេត្ត ទូទាំងប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​រឿង​បរិស្ថាន​គឺជា​រឿង​របស់​យើងទាំងអស់គ្នា ដូច្នេះ​ចាំបាច់​គ្រប់​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ត្រូវ​រួមគ្នា​ការពារ អភិរក្ស និង​អភិវឌ្ឍ​ដោយ​សម្អាត​បរិស្ថាន របស់​យើង​ឲ្យ​បានល្អ ពោលគឺ​រួមគ្នា​បញ្ឈប់​ការបំផ្លិចបំផ្លាញ និង​បំពុលបរិស្ថាន​តទៅទៀត​»​។​
​បើតាម​លោក ភ​ត្រា ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គប្បី​ត្រូវ​សម្អាត​គេហដ្ឋាន និង ទីធ្លា​ជុំវិញ​ផ្ទះ​រួមទាំង​ដងផ្លូវ​សាធារណៈ និង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​ឲ្យ​បានល្អ​ស្អាត ដើម្បី​លើកកម្ពស់​បរិស្ថាន និង​សោភណភាព​លំនៅឋាន និង​សហគមន៍​របស់​ពួកគេ​។ លោក​បញ្ជាក់ថា​៖ «​បរិស្ថាន​ល្អ​ស្អាត​នាំ​ឲ្យ​ការរស់នៅ​មាន​ផាសុកភាព​»​។​

​ជាមួយគ្នានេះដែរ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវ នាវ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ដឹកនាំ​សិស្សានុសិស្ស ចូលរួម​នៅក្នុង​ទិវា​នេះ ដើម្បី​បោស សម្អាត និង​អនាម័យ​នៅក្នុង​ទីធ្លា​សាលារៀន និង​ទីសាធារណៈ​នានា​ឲ្យ​បាន​ស្អាត​ប្រកបដោយ​សុខ ភាព​។​
​លោក កែវ ចាន់ណា​រិ​ទ្ធ ប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ដង្កោ បាន​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ មាន​សំរាម និង​កាកសំណល់​ផ្ទះបាយ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ជា​មធ្យម ២.៧០០ តោន ក្នុង​មួយថ្ងៃ ក្នុងនោះ​កាកសំណល់​ថង់ និង​ជ័រ​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ​មាន​ចំនួន ១៨​ភាគរយ​នៃ​កាកសំណល់​ដែល​ប្រមូលបាន​ពី​ទូទាំង​១២ ខណ្ឌ ក្នុង​រាជធានី​។ នេះ លោក​បន្តថា​៖ «​ការប្រមូល និង​គ្រប់គ្រង​កាកសំណល់​ថង់​ប្លា​ស្ទិ​ក​គឺ​មិន​ងាយស្រួល​នោះទេ​។ ថង់​ប្លា​ស្ទិ​ក​ងាយ​រសាត់​ទៅតាម​ខ្យល់ និង​បង្ក​ឲ្យ​ខូច​សោភណភាព និង​បរិស្ថាន​ក្នុង​ទីក្រុង​ដូចជា​បង្ក​ការកកស្ទះ​ប្រព័ន្ធ​លូទឹក​ធ្វើ​ឲ្យ​មានការ​លិចលង់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ជាដើម​»​។

​សូមជម្រាបថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​កាលពីពេល​ថ្មីៗ នេះ បានចេញ​សារាចរ​ណែនាំ​ដល់​គ្រប់​បណ្ដា​មន្ទីរ ស្ថាប័ន និង​អង្គភាព​រួមទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​បញ្ឈប់​ការ​បោះចោល​សំរាម និង​កាកសំណល់​គ្រប់​ប្រភេទ​ពាសវាល​ពាសកាល ដោយ​ទាមទារ​ឲ្យ​មានការ​បែងចែក និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ មិនតែប៉ុណ្ណោះ​បានដាក់​ចេញ​នូវ​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ដល់​ជន​ទាំងឡាយណា​ដែល​បន្ត​បោះចោល​សំរាម​ដោយ​ឥត​សណ្ដាប់ធ្នាប់​លើ​ទីសាធារណៈ​។

​ទោះជា​បែបនេះ​ក្ដី សំរាម និង​កាកសំណល់​ថង់​ប្លា​ស្ទិ​ក នៅតែ​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​នៅតាម​មាត់​ច្រាំងទន្លេ ស្ទឹង បឹង ព្រែក និង​តាម​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ក្នុង​រាជធានី​-​ខេត្ត និង​តាម​ដងផ្លូវ ឬ​សួនច្បារ​សាធារណៈ​ដដែល បើ​ទើ​បី​ជា​ក្រសួង​បាន​តម្រូវ​ឲ្យ​គ្រប់​បណ្ដា​អាជីវករ​ក្នុង​ផ្សារ​ទំនើប​ទាំង អស់ ត្រូវ​បូក​បន្ថែម​តម្លៃ​ថង់​ប្លា​ស្ទិ​ក​ចំនួន ៤០០​រៀល ក្នុង​មួយថង់ លើ​ទំនិញ​ដែល​អតិថិជន​របស់ខ្លួន​បាន​ទិញ និង​ទាមទារ​វេច​ខ្ចប់​បាន​ត្រឹមត្រូវ​ក៏ដោយ​៕