ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ជាលើកទី៣ នៅថ្ងៃអង្គារ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ឆ្នាំ ២០១៩ នៅមានគម្លាតឆ្ងាយពីគ្នានៅឡើយ គឺសហជីពស្នើកំណត់តួលេខ ១៨៩ដុល្លារ តែ និយោ ជក ដាក់តួលេខប្រាក់ឈ្នួលត្រឹម ១៧៦ដុល្លារ។
លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន គណៈកម្មកាប្រឹក្សាការងារ បានថ្លែងនៅ ក្រៅកិច្ចប្រជុំថា តាំងពីម៉ោងជាង១០ព្រឹក រហូតដល់ម៉ោង ២ជាងរសៀលថ្ងៃនេះ កិច្ចប្រជុំបានរក ឃើញនូវលទ្ធផលថ្មីមួយទៀត គឺភាគីនិយោជក បានតម្លើងតួលេខប្រាក់ឈ្នួលពី១៧៥ ដល់ ១៧៦ ដុល្លារ ចំណែកភាគីសហជីព បានទម្លាក់ពី១៩២ មកត្រឹម១៨៩ដុល្លារ។
លោក ហេង សួរ បញ្ជាក់ថា តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត នាពេលនេះ ទទួលបានលទ្ធផលថ្មីមួយ ហើយលទ្ធផលថ្មីនេះ នឹងត្រូវលើកយកទៅពិភាក្សានៅដើមខែតុលាខាង មុខទៀត៕