អាជ្ញាធរ​ព្រមាន​ផ្អាក​ការដ្ឋាន​សំណង់​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​ព្រះសីហនុ ៖ ក្រោយពី​មាន​ព័ត៌មាន​ជាច្រើន​និយាយ​អំពី​ការចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង សម្ដេចនាយក​រដ្ឋ មន្ត្រី​តេ​ជោ ហ៊ុន សែន បាន​បញ្ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី និង​ជា​ប្រធាន គណៈ កម្ម​ការគ្រប់គ្រង​ឆ្នេរ ឲ្យ​ចុះទៅពិនិត្យ​សកម្មភាព​នេះ​។

​បន្ទាប់ពី​ការចុះពិនិត្យ​ផ្ទាល់​រួចមក នៅ​ថ្ងៃទី​១៨ ខែកញ្ញា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បានចេញ​លិខិត​ព្រមាន​ផ្អាក​ការសាងសង់ និង​ផ្អាក​ការធ្វើ​អាជីវកម្ម ជា​បណ្ដោះអាសន្ន នូវ​សំណង់​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយ ដ្ឋា​ន និង​រោងចក្រ ដែលមាន​ស្រាប់ ឬ​គម្រោង​សាងសង់​ថ្មី ប្រសិនបើ​មិនបាន​គោរព​តាម​ការណែនាំ ស្ដីពី​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្ដាញ​លូ​។​

​ក្នុង​លិខិត​នេះ ក៏បាន​បញ្ជាក់​ពី​គោលបំណង គឺ​ដើម្បី​ធានាបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ផាសុកភាព សោភ័ណភាព គុណភាព​ទឹកសមុទ្រ ធនធាន​សមុទ្រ ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ឆ្នេរ​ខ្សាច់​កម្សាន្ត​៕