ក្រុមការងារ Guinness World Record នឹងមកកម្ពុជាដើម្បីពិនិត្យ និងវាយតម្លៃ «ទូកងវែងជាងគេនៅលើពិភពលោក» នៅក្នុងខែវិច្ឆិកា ចុងឆ្នាំនេះ ។ ទូក ង ដ៏វែងនេះ ត្រូវបានប្រសិទ្ធិនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា «ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានប្រវែង ៨៧,៣ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ អាចផ្ទុកមនុស្សបាន១៧៩នាក់ ក្បាលទូក មានចម្លាក់រូបក្បាលនាគ កន្ទុយទូកឆ្លាក់ជាកន្ទុយហង្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការ ផលិតទូក ង ដើម្បីបំបែកឯទទគ្គកម្មពិភពលោក។
លោក តុប នេត ប្រធានគណៈកម្មការនេះ បានបញ្ជាក់ថា «ទូក ង ដែលត្រៀមនឹងបំបែក ទូក ង វែងជាងគេលើពិភពលោក នាពេលខាងមុខនេះ កំពុងតែស្ថិតនៅក្នុងការឆ្លាក់រូបតំណាង និង បាញ់ថ្នាំនៅឡើយ។ លោកថា យើងនឹងដាក់អុំសាកល្បង ដើម្បីកែសម្រួលឡើងវិញនូវចំណុចណាដែលមានបញ្ហា មុននឹងដាក់ជូនក្រុមការងារ Guinness World Record ពិនិត្យ និងវាយតម្លៃ»៕