ភ្នំពេញ ៖ ការបន្តចម្លងជំងឺអេដស៍នៅលើពិភពលោកមកដល់ពេលនេះ មិនទាន់បានបញ្ចប់នៅឡើយ ទេ ដែលបច្ចុប្បន្ននេះ នៅទូទាំងពិភពលោកមានអ្នកផ្ទុក និងឆ្លងមេរោគអេដស៍ប្រមាណ ៣៦លាន នាក់ ក្នុងនោះមានកុមារប្រមាណ ១លាន ៨សែននាក់។
ហើយតាមការអង្កេតនៅក្នុងឆ្នាំ២០១៧កន្លងមក នៅទូទាំងពិភពលោក មានអ្នកឆ្លងមេរោគ អេដស៍ ១លាន ៨សែននាក់ ក្នុងនោះមាន ៤៧% ជាក្រុមបុរសស្រឡាញ់បុរស, ក្រុមអ្នកប្រើប្រាស់ គ្រឿងញៀន និងក្រុមស្ត្រីបំរើសេវាទទួលភ្ញៀវជាដើម។
នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃ អង្គការមូលនិធិថែទាំសុខភាពអ្នកជម្ងឺអេដស៍ ក្នុងវេទិកា ជួបជុំយុវជន ក្រោមប្រធានបទ៖ ការរស់ នៅដោយភាពវិជ្ជមានរបស់យុវជន ដែលរៀបចំឡើង ដោយអង្គការមូលនិធិថែទាំសុខភាព អ្នកជម្ងឺ អេដស៍ នៅសណ្ឋាគារហ្គ្រីនផាលេស នាព្រឹក ថ្ងៃទី១៩ កញ្ញានេះ៕