ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខកម្មករ កម្មការិនីជិត៣ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី១៩ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា តើអ្នកណាមួយថ្លើមធំ ហ៊ានដកកៅអី កម្ពុជានៅអង្គការសហប្រជាជាតិ? ។ បន្ថែមពីលើនេះ សម្តេចតេជោ បានលើកឡើងថា កម្ពុជាជារដ្ឋអធិបតេយ្យមួយ និងមានមុខនៅគ្រប់វេទិកា និងកិច្ចប្រជុំអន្តរជាតិនៅលើពិភពលោក។
ការថ្លែងបែបនេះរបស់សម្តេចធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានស្រែក ថា កៅអីកម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវបានព្យួរហើយ ហើយកម្ពុជានិងមាន ការបោះឆ្នោតឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្មានការបោះឆ្នោតឡើងវិញដូចអ្នកភូតភរស្រែក នោះ ទេ ។ ប៉ុន្តែកម្ពុជាមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាឆ្នាំ២០២២ និងបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ខាងមុខ ៕