រដ្ឋសភាសម្រេចផ្តល់សុពលភាពតំណាងរាស្ត្រថ្មីចំនួន៣៨រូបជាផ្លូវការ
ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ បានអនុម័តផ្តល់សុពលភាពតំណាងរាស្ត្រថ្មីចំនួន ៣៨រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសអ្នកចាស់ដែលត្រូវទៅបំពេញការងារជាសមាជិករាជរដ្ឋាភិបាល។
ការផ្តល់សុពលភាពតំណាងរាស្ត្រថ្មីនេះ គឺក្រោយពេលដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចលុបឈ្មោះអ្នកចាស់ និងទទួលស្គាល់អ្នកតំណាងរាស្ត្រថ្មី នីតិកាលទី៦ តាមការស្នើសុំរបស់គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា បន្ទាប់ទទួលបានសេចក្តីសម្រេចពីរដ្ឋសភាជាផ្លូវរួចហើយ នៅរសៀលថ្ងៃដដែលនេះ សមាជិកសភាថ្មីទាំង៣៨នាក់ នឹងត្រូវស្បថចូលកាន់តំណែង នៅចំពោះព្រះភ័ក្ររបស់ ព្រះករុណា ព្រះមហាក្សត្រ ក្នងព្រះបរមរាជវាំង ៕